ចាប់ពីថ្ងៃចន្ទខាងមុខនេះតទៅ សួនសត្វចំនួន ៦កន្លែងនឹងបើកដំណើរការសារជាថ្មីសម្រាប់ភ្ញៀវទេសចរចូលទស្សនាដោយមិនគិតថ្លៃ ហើយឧទ្យានជាតិចំនួន ១២៧កន្លែងទៀតក៏គ្រោងនឹងបើកទ្វារជាថ្មីម្តងទៀតក្នុងពេលឆាប់ៗនេះផងដែរ។
រូបតំណាង
លោក Varawut Silpa-archa រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងបរិស្ថានបានប្រាប់សន្និសីទសារព័ត៌មានថា សួនសត្វនៅ Chon Buri, Chiang Mai, Nakhon Ratchasima, Khon Kaen, Ubon Ratchathani និងឧទ្យានធម្មជាតិដំរីនៅខេត្ត Surin នឹងបើកដំណើរការវិញនៅថ្ងៃចន្ទខាងមុខនេះ ហើយកាន់តែពិសេសគឺគេមិនគិតថ្លៃចូលទស្សនារហូតដល់ថ្ងៃទី៣០ ខែមិថុនា។
រូបតំណាង
ទោះជាយ៉ាងណាក៏ដោយ ក្រុមការងារបម្រើការនៅសួនសត្វនឹងកម្រិតចំនួនភ្ញៀវត្រឹមតែ ២០០០នាក់ក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលគិតចាប់ពីម៉ោង ៨ព្រឹករហូតដល់ម៉ោង ៥ល្ងាច ដើម្បីចៀសវាងការកកស្ទះដែលជាហេតុធ្វើឱ្យមានការផ្ទុះឡើងនៃមេរោគកូវីដ-១៩។ អ្នកទេសចរទាំងអស់ត្រូវកក់សំបុត្រតាមទូរសព្ទ ឬតាមអ៊ីនធឺណិត ហើយពួកគេនឹងត្រូវវាស់សីតុណ្ហភាពនៅពេលមកដល់សួនសត្វ។
រូបតំណាង
លើសពីនេះ ភ្ញៀវទាំងអស់ត្រូវរក្សាគម្លាតពីគ្នានៅកន្លែងដូចជា ស្តង់លក់សំបុត្រឡានក្រុង ហាងអាហារ និងត្រូវមានទឹកអាល់កុលលាងដៃតាមខ្លួនជានិច្ច។ គួរបញ្ជាក់ផងដែរថា នៅសួនសត្វមិនមានប្រើប្រាស់ម៉ាស៊ីនត្រជាក់ទេ។
រូបតំណាង
លោក Varawut Silpa-archa បានអំពាវនាវដល់អ្នកទេសចរដែលមកទស្សនាឧទ្យានទាំងអស់ថា « សូមកុំចោលសំរាមក្រៅធុងសំរាម ត្បិតកាលពីមិនទាន់មានអ្នកទេសចរមកលេង ឧទ្យានទាំងនេះហាក់មានសម្រស់ស្អាតស្រស់បំព្រងណាស់។ ក្នុងរយៈពេលបីខែកន្លងមកនេះ យើងមិនឃើញមានសត្វណាមួយស្លាប់ដោយសារការស៊ីសំរាមឡើយ។ ប្រសិនបើរឿងនេះកើតឡើង (សត្វដែលងាប់ដោយសារការស៊ីសំរាម) ខ្ញុំនឹងបិទឧទ្យាននេះភ្លាមៗ »។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok post