ទីតាំងស្ថានីយចែកចាយឧស្ម័នរបស់ក្រុមហ៊ុន Gazprom ដ៏ធំបំផុតរបស់រុស្ស៊ី បានផ្ទុះឆេះ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង៣នាក់ផ្សេងទៀត រងរបួស ហើយអណ្ដាតភ្លើងបានឆាបឆេះរាលទៅដល់កុងតឺន័រជាច្រើនទៀត។
ក្រុមជួយសង្រ្គោះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Tass គ្រប់គ្រងដោយរដ្ឋរុស្ស៊ី បានឲ្យដឹងថា នៅក្នុងហេតុការណ៍ខាងលើនេះ បានបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស។ ការផ្ទុះឧស្ម័ននេះ បានកើតឡើង កាលពីថ្ងៃទី១៣ ខែមិថុនា នៅក្នុងទីក្រុង Kazan ជាទីតាំងស្តុកឧស្ម័នរបស់ក្រុមហ៊ុន Gazprom ដែលមានសមត្ថភាពស្ដុក រហូតដល់ទៅ១០០ម៉ែត្រគុប។ រីឯអណ្ដាតភ្លើង បានឆាបឆេះរាលទៅដល់កុងតឺន័រជាច្រើនទៀត។
ក្រសួងគ្រប់គ្រងស្ថានការណ៍គ្រាអាសន្នរបស់រុស្ស៊ី បានអះអាងថា ការផ្ទុះនេះបង្កឲ្យកើតជាអគ្គិភ័យ នៅទីតាំងស្ដុកឧស្ម័ន រហូតដល់១០០ម៉ែត្រគុប។ នៅទីនោះជាទីតាំង នៃស្ថានីយចែកចាយឧស្ម័នរបស់ក្រុមហ៊ុន Gazprom ។ ជាមួយគ្នានេះ ក្រុមពន្លត់អគ្គិភ័យចំនួន១១ក្រុម បំពាក់ដោយឧបករណ៍ពិសេស បានចេញមកជួយអន្តរាគមន៍ផងដែរ៕ ប្រែសម្រួលដោយ Nuon