នៅដើមឆ្នាំ១៩៧៧ ខ្មែរក្រហមបានចាប់ផ្ដើមអនុវត្តគម្រោងកសាងប្រលានយន្តហោះយោធាដ៏ធំមួយ នៅក្នុងខេត្តកំពង់ឆ្នាំង ដោយមានជំនួយផ្នែកបច្ចេកទេសពីប្រទេសចិន។
កងទ័ពកម្មាភិបាលខ្មែរក្រហម និងប្រជាពលរដ្ឋជាច្រើនសិបនាក់ ត្រូវបញ្ជូនមកធ្វើការនៅក្នុងការដ្ឋានប្រលានយន្តហោះមួយនេះ។ការដ្ឋានប្រលានយន្តហោះខេត្តកំពង់ឆ្នាំង បានសម្លាប់មនុស្សរាប់ពាន់ម៉ឺននាក់ដោយសារការងារបាក់កម្លាំង ឆក់ខ្សែភ្លើង និងសម្លាប់ចោល។
ប្រលានយន្តហោះនេះគឺជាសំណង់ខ្នាតធំដ៏កម្របំផុតដែលសាងសង់ដោយរបបកុំមុយនិសខ្មែរក្រហម។ ដើម្បីកសាងប្រលានយន្តហោះនេះ គេបានយកថ្មនៅការដ្ឋានថ្មភ្នំតាបាំងដែលនៅក្បែរនោះ។ ផ្លូវបេតុងយ៉ាងក្រាស់ត្រូវបានគេចាក់ព័ទ្ធជុំវិញប្រលានតភ្ជាប់មកដល់ទំនប់ក្រាំងលាវ។
នៅក្នុងសម័យអ៊ុនតាក់ គេបានប្រើប្រាស់ប្រលានយន្តហោះនេះដើម្បីដឹកជំនួយ និងរថយន្តរបស់កងទ័ព។ បច្ចុប្បន្នប្រលានយន្តហោះនេះមិនមានដំណើរការដូចមុនឡើយ សឹងតែត្រូវបានសបោះបង់ចោលទៅហើយរហូតមានអ្នកខ្លះប្រសិទ្ធិនាមថា ប្រលានយន្តហោះខ្មោចទៅទៀត។
ប្រលានយន្តហោះកំពង់ឆ្នាំងមានទំហំធំជាងគេក្នុងចំណោមប្រលានយន្តហោះនៅកម្ពុជា ដោយមានផ្លូវសម្រាប់យន្តហោះរត់ប្រវែងរហូតដល់ទៅ ២៤០០ម៉ែត្រ។រដ្ឋាភិបាលកន្លងមកក៏ធ្លាប់បានសិក្សាលទ្ធភាពសាងសង់ប្រលានយន្តហោះថ្មីក្នុងខេត្តកំពង់ឆ្នាំងដែរ ប៉ុន្តែក្រោយមកត្រូវប្ដូរទៅខេត្តកណ្ដាល និងតាកែវវិញ៕