ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងក្រុងប៉ៃលិន មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាព ដោយអ្នកខ្លះអត់ហ៊ានចេញពីផ្ទះទៅដើរលេងកំសាន្តនៅតាមរមណីយដ្ឋាននានាឡើយ ព្រោះយល់ឃើញថា មានភ្ញៀវទេសចរប្លែកៗមុខជាច្រើននាំគ្នាចូលមកលេងខេត្តប៉ៃលិន ហើយពួកគាត់នាំគ្នាស្នាក់នៅតាមផ្ទះរៀងៗខ្លួនវិញ ។
បើតាមប្រភពពីប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងខេត្តប៉ៃលិន បានបង្ហើបឱ្យភ្នាក់ងារព័ត៌មានយើងដឹងថា នៅថ្ងៃឈប់សម្រាករយ:ពេល៥ថ្ងៃ ជំនួសឱ្យថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ គេឃើញមានភ្ញៀវទេសចរមកពីតាមបណ្តាខេត្តនានាជាច្រើន ដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ រហូតដល់រាជធានីភ្នំពេញ បាននាំគ្នាបើកបររថយន្តចូលមកលេងនៅតាមរមណីយដ្ឋានក្នុងខេត្តប៉ៃលិនគួរឱ្យកត់សម្គាល់ ដូចជា ៖ រមណីយដ្ឋានចំការខ្នុរ រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ និងរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំយ៉ាតជាដើម ។
ប្រភពបន្តទៀតថា ភ្ញៀវទេសចរស្ទើរតែទាំងអស់ អត់ឃើញមានពាក់ម៉ាសការពារនោះទេ ដោយមានការហែលទឹកលេង ឬអង្គុយនៅលើខ្យុសយ៉ាងរំភើយជាដើម ។ ដូច្នេះហើយ ទើបអាជ្ញាធរខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះទៅធ្វើការអប់រំណែនាំពួកគាត់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់អំពីបញ្ហាជំងឺកូវីដ១៩ ដែលជាជំងឺឆ្លងដ៏កាចសាហាវ ។
លើសពីនេះ បើគេសង្កេតមើលទៅភ្ញៀវទេសចរទាំងអស់ និងអាជីវករលក់ដូរនៅតាមរមណីយដ្ឋាន ហាក់ដូចជាមានការធ្វេសប្រហែលយ៉ាងខ្លាំង ខណ:ភាគច្រើន គឺអត់ឃើញមានពាក់ម៉ាស ឬក្រម៉ា ព្រមទាំងអត់មានលាងសម្អាតដៃនឹងជែល ឬអាល់កុលកំចាត់មេរោគបាក់តេរីនោះឡើយ ។
ចំណែកឯក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរខេត្តប៉ៃលិន បានអំពាវនាវហើយ អំពាវនាវទៀតយ៉ាងទទូច សូមឱ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នខ្លួនជាប់ជានិច្ច មិនត្រូវបណ្តែតបណ្តោយឱ្យមានការឆ្លងជំងឺកូវីដ១៩នេះ នៅក្នុងសហគមន៍របស់យើងនោះឡើយ ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព