តាំងពីមានការផ្ទុះជំងឺកូវីដ១៩ កន្លងមក មហាសេដ្ឋីជាច្រើនរូបដែលនៅក្នុងវិស័យបច្ចេកវិទ្យា បានមើលឃើញទ្រព្យសម្បត្តិបន្តលូតលាស់កាន់តែច្រើនឥតឈប់ឈរ។ ប៉ុន្តែសម្រាប់លោកមហាសេដ្ឋីវ៉ារេន បាហ្វេត (Warren Buffett) ដ៏ល្បីល្បាញក្នុងវិស័យភាគហ៊ុនវិញ លោកមិនបានសំណាងល្អដូចមហាសេដ្ឋីដទៃទេ ព្រោះទីផ្សារភាគហ៊ុនមានការឡើងចុះយ៉ាងខ្លាំង ខណៈដែលសេដ្ឋកិច្ចជុំវិញពិភពលោកទទួលរងការប៉ះពាល់ពីកូវីដ ១៩។
ភាគហ៊ុនរបស់ក្រុមហ៊ុន Berkshire Hathaway របស់លោកបាហ្វេត បានធ្លាក់ថ្លៃអស់ ៨% តាំងពីដើមឆ្នាំនេះ ដែលធ្វើឲ្យលោកបាហ្វេតបាត់បង់រាប់ប៊ីលានដុល្លារពីទ្រព្យសម្បត្តិរួមរបស់លោក។ ក្រៅពីនេះទៅទៀត ទ្រព្យសម្បត្តិរបស់លោកក៏បានធ្លាក់ចុះបន្ថែមទៀតនៅខែកក្កដា ពេលដែលលោកបានបរិច្ចាគប្រមាណ២.៩ប៊ីលានដុល្លារទៅសប្បុរសធម៌។
ជាលទ្ធផល លោកបានធ្លាក់ចំណាត់ថ្នាក់ពីជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេលេខ៤ មកលេខ៨វិញក្នុងឆ្នាំនេះ។ បច្ចុប្បន្ន Bloomberg បានព្យាករណ៍ថា លោកបាហ្វេតជាមហាសេដ្ឋីចំណាត់ថ្នាក់លេខ៧។ សហគ្រាស Wealth-X បានព្យាករណ៍ដែរថា លោកបាហ្វេតមានទ្រព្យរួមប្រមាណ ៨៤ប៊ីលានដុល្លារ។ ហើយខាងក្រោម គឺជាការដែលលោកចំណាយទ្រព្យសម្បត្តិទាំងនេះរបស់លោក ៖
១. អចលនទ្រព្យ៖
លោកបាហ្វេត ធ្លាប់បាននិយាយថា លោកមិនដែលមានចិត្តចង់បានផ្ទះច្រើន សម្ភារៈច្រើន ឬរថយន្តច្រើនទេ។ បច្ចុប្បន្ននេះ លោកបន្តស្នាក់នៅផ្ទះដែលលោកបានទិញក្នុងតម្លៃ ៣១,៥០០ដុល្លារកាលពីឆ្នាំ ១៩៥៨នៅឡើយ ដែលបច្ចុប្បន្នមានតម្លៃប្រមាណ ២៨ម៉ឺនដុល្លារ។ លោកធ្លាប់បាននិយាយទៀតថា ផ្ទះរបស់លោកជាការវិនិយោគល្អបំផុតលេខបីរបស់លោក។
២. ការធ្វើដំណើរ៖
នៅឆ្នាំ២០១៤ លោកមហាសេដ្ឋីរូបនេះបានទិញរថយន្ត Cadillac XTS ថ្មីមួយគ្រឿងដែលមានតម្លៃចាប់ពី៤៦,០០០ដុល្លារទៅ។ លោកបានសម្រេចចិត្តធ្វើដូច្នេះ បន្ទាប់ពីកូនស្រីរបស់លោកប្រាប់លោកថា វាគួរឲ្យខ្មាស់អៀនណាស់ក្នុងការបើកបររថយន្តចាស់។
ក្រៅពីរថយន្តហើយ លោកបាហ្វេតក៏មានយន្តហោះឯកជនផ្ទាល់ខ្លួនមួយគ្រឿងដែរ ដែលជួយឲ្យលោកសន្សំសំចៃពេលវេលាបានច្រើនក្នុងការហោះហើរ។ កាលពីឆ្នាំ២០១២ លោកបាននិយាយថា យន្តហោះរបស់លោក គឺជាអ្វីតែមួយគិតដែលលោកបានចំណាយលុយច្រើនជាងគេ។ យន្តហោះរបស់លោកមានតម្លៃប្រមាណ៣២លានដុល្លារ។
៣. អំពើសប្បុរសធម៌៖
ក្នុងនាមជាមហាសេ្ដដ្ឋីមួយរូបក្នុងចំណោមមហាសេដ្ឋីដទៃទៀត ដែលបានចាប់ផ្តើម The Giving Pledge លោកបាហ្វេត បានក្លាយជាសប្បុសជនដែលទទួលបានការគោរពពីមនុស្សជុំវិញពិភពលោក។ The Giving Pledge បានចាប់ផ្តើមក្នុងឆ្នាំ ២០១០ ដែលបច្ចុប្បន្ននេះ មានការចូលរួមពីមហាសេដ្ឋីចំនួនច្រើនជាង ២០០លាននាក់ទៅទៀតដូចជា លោកមហាសេដ្ឋីប៊ីល ហ្គេតស៍ (Bill Gates) អ៊ីឡុន ម៉ាស (Elon Musk) និងម៉ាក ហ្សាក់កាបឺក (Mark Zuckerberg) ជាដើម។
មហាសេដ្ឋីទាំងនេះ បានសន្យាថានឹងបរិច្ចាគទ្រព្យសម្បត្តិភាគច្រើនទៅសប្បុរសធម៌។ តាំងពីឆ្នាំ ២០០៦ មក លោកបាហ្វេតបានបរិច្ចាគច្រើនជាង ៣៧ប៊ីលានដុល្លារទៅទៀត។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព