បន្ទាប់ពីប៉ូលិសសង្ស័យថាស្ត្រីជនជាតិអ៊ុយក្រែនម្នាក់ត្រូវបានគេសម្លាប់នៅកោះសាមុយរួចហើយ ឥឡូវនេះពួកគេបែរជាសន្និដ្ឋានថាការស្លាប់របស់នាងអាចមកពីការធ្វើអត្តឃាតទៅវិញ។
ពីដំបូងប៉ូលិសបានគេសង្ស័យថាជនរងគ្រោះឈ្មោះ Olha Frolova អាយុ ៣២ឆ្នាំ ត្រូវគេសម្លាប់ បន្ទាប់ពីលេចឮព័ត៌មាននៃស្នេហាត្រីកោណមួយ ប៉ុន្តែពេលនេះក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តបាននិយាយថានៅលើសាកសពជនរងគ្រោះមិនមានសញ្ញាណាមួយដែលបង្ហាញថានាងត្រូវគេធ្វើបាបរហូតដល់ស្លាប់នោះទេ។ ពួកគេចាប់ផ្តើមមានគំនិតសង្ស័យជាថ្មីថា នាងប្រហែលជាធ្វើអត្តឃាតសម្លាប់ខ្លួន។ លោក Yutthana Sirisombat ស្នងការប៉ូលិសបាននិយាយថា“ មិនមានភស្តុតាងនៃការវាយដំការចាក់ឬការធ្វើទុក្ខទោសដល់រាងកាយរបស់ជនរងគ្រោះនោះទេ”។ លើសពីនេះស្វាមីរបស់នាងក៏បាននិយាយផងដែរថា នាងមានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរព្រោះ នាងគ្មានផ្ទះ គ្មានប្រាក់ចំណូល ឬការងារអ្វីទេ ដូច្នេះយើងជឿជាក់ថាកត្តាទាំងនេះអាចឈានដល់ការធ្វើអត្តឃាតខ្លួនឯងបានដែរ។ សាកសពរបស់ Frolova ត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យដោយអ្នកស្រុកម្នាក់ រយៈពេល ២សប្តាហ៍បន្ទាប់ពីប្តីរបស់នាងបានរាយការណ៍ថាបានបាត់ខ្លួនកាលពីថ្ងៃទី២៥ ខែឧសភា។
វរសេនីយ៍ឯក Yutthana បាននិយាយថាស្វាមីរបស់នាងក៏បានផ្តល់តម្រុយថាអ្នកនាង Frolova ធ្លាប់លេបថ្នាំ និងមានប្រវត្តិសរសេរអំពីការស្លាប់នៅក្នុងសៀវភៅកំណត់ហេតុរបស់នាងផងដែរ។ វរសេនីយ៍ឯក Yutthana បានបន្ថែមថា ទោះជាយ៉ាងណាការស៊ើបអង្កេតនឹងធ្វើបន្តទៅទៀត ពីព្រោះប៉ូលិសកំពុងរង់ចាំរបាយការណ៍លម្អិតអំពីការធ្វើកោសល្យវិច័យ។ ប៉ូលិសនឹងពិនិត្យមើលកុំព្យូទ័រយួរដៃ និងសៀវភៅកំណត់ហេតុរបស់នាងដែលគេរកឃើញនៅក្នុងវ៉ាលីនាងទុកចោលនៅឯផ្សារដើម្បីប្រមូលភស្តុតាងថែមទៀត។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Samuitime