Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសជាកម្មករសំណង់ម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់

ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់កំពុងធ្វើការសំណង់នៅផ្ទះល្វេងជាន់ទី២ស្រាប់តែប៉ះចំខ្សែភ្លើងឆក់ធ្លាក់ចុះក្រោមស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបែបជាមេការនៅទីនោះព្យាយាមឲ្យកម្មករដឹកសាកសពយកចេញក្រៅ គេចវេះពីទំនួលខុសត្រូវ តែត្រូវបានប្រជាពលរដ្ឋ សមត្ថកិច្ចមូលដ្ឋានឃាត់ រារាំងឲ្យទុករងចាំសមត្ថកិច្ចជំនាញចុះពិនិត្យសិន ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅខាងត្បូងជាប់ស្តុបទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ សាកសពជនរងគ្រោះមានឈ្មោះសុខ ទិត្យ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។

តាមសម្តីកម្មករដូចគ្នាបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះឡើងលើ ទៅជាន់ទី២ ដើម្បីលាបថ្នាំបង្កាន់ដៃផ្ទះល្វែង ខណ:ដែលសំណង់ផ្ទះល្វែងមួយនេះ សង់កៀកជាប់នឹងខ្សែកាប ពេលដែលជនរងគ្រោះ ជាន់ឈរ ប៉ះចំខ្សែកាបភ្លើង បណ្តាលឲ្យឆក់ ហើយធ្លាក់មកក្រោមស្លាប់ភ្លាមៗ ផ្អើលកម្មករនាំគ្នាសែងកប់ដីខ្សាច់ ហើយមិនអស់ចិត្តហៅក្រុមសង្គ្រោះមកជួយពិនិត្យ នៅមិនអាចសង្គ្រោះអាយុជីវិតបាន ។ចំណែកមេការសំណង់បញ្ជាឲ្យកម្មករនាំគ្នាទាញស័ង្កសីមកបិទបាំពីខាងមុខ រួចរុំសាកសព បញ្ជា ឲ្យកម្មករ សាច់ញាតិដឹកចេញ ក្នុងបំណង់គេចវេះពីទំនួលខុសត្រូវ តែត្រូវបានបងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ចមូលដ្ឋាន ឃាត់ទុក។

បើតាមការរៀបរាប់ពីប្រជាពលរដ្ឋធ្វើដំណើរនៅតាមផ្លូវបានលើឡើងថា សង្ស័យសំណង់គ្មានច្បាប់ ទើបហ៊ានសាងសង់រំលោភ សង់ជាប់កៀកនឹងខ្សែកាបភ្លើងដែលមានតង់ស្យុងខ្ពស់បែបនេះ ប្រជាពលរដ្ឋ ទទូចស្នើសុំឲ្យអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធជួយពិនិត្យឡើងវិញ ព្រោះថាសំណង់សង់ជិតរួចរាល់ទៅហើយ នៅឡើយតែភូមិ សង្កាត់ មិនរាយការណ៍ ។

សាកសពក្រោយកើតហេតុ ប្រពន្ធមកដល់បានត្រឹមស្រែកទ្រហោរយំ ទាំងក្តីសោកសៅ ហើយរងចាំជំនាញពិនិត្យ កោសល្យវិច័យរួចនឹងដឹកសពទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ផេង ភាព

from: https://tnaot.com/km/m/detail/article/9607451