ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាកOD Q7 ចំពីចំហៀងខាងមុខពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខ មហាវិទ្យាល័យ សង្គមសាស្ត្រ និងមនុស្សសាស្ត្រ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញរថយន្តស៊េរីទំនើបម៉ាកOD Q7 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AK-6966 ដែលបើកបរដោយបុរសម្នាក់ជាជនជាតិចិន និងនារីម្នាក់ជាជនជាតិខ្មែររួមដំណើរជាមួយគ្មាធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក៏បានបត់ត្រឡប់ក្រោយវិញមិនទាន់ផុតផងនោះ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៍ក្រហមគ្មានស្លាកលេខ មកពីក្រោយយ៉ាងលឿនបានបុករថយន្តខាងលើចំពីហៀងក្បាលខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ភាគីខាងម៉ូតូរងរបួសធ្ងន់ រីឯម៉ូតូគៀបជាប់ជាមួយរថយន្តរងការខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុ ជនរងគ្រោះម្ចាស់ម៉ូតូត្រូវបានរថយន្តសាមុយដឹកបញ្ចូនយកទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ ចំណែកតៃកុងរថយន្តខាងលើក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ចូនទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល អូរបែកក្អម។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ទីតាំងកន្លែងកើតហេតុបានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញចុះមកដល់ទីតាំងកន្លែងកើតហេតុដើម្បីធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ដោយ ផេង ភាព