ជារឿងដែលជាគំរូមិនល្អ សម្រាប់អ្នកដើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ផ្សេងៗក្នុងប្រទេស ពាក់ព័ន្ធទៅនឹងការចោលសំរាមដែលមិនមានការគិតពិចារណាធ្វើឲ្យតំបន់ទេសចរណ៍ដែលយើងឃើញថា មានសភាពស្រស់ស្អាត ជាមួយនឹងខ្យល់អាកាសបរិសុទ្ធ ប្រែក្លាយទៅជាក្លិនស្អុយ បាត់បង់សោភ័ណភាព ដោយសារតែបុគ្គលមួយចំនួនមិនមានការចូលរួម ដោយបានបោះសំរាមចោលមិនមានការវេចខ្ចប់ដាក់ធុងសំរាម តាមការណែនាំរបស់អាជ្ញាធរ ឡើយ។
បើតាមសេចក្តីរាយការណ៍របស់រដ្ឋបាលស្រុកបានឱ្យដឹងថា ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ក្នុងអំឡុងពេលនៃការឈប់សម្រាកនេះ មានបងប្អូនប្រជាពលរដ្ឋជាច្រើនបានមកលេងកំសាន្តនៅឆ្នេរពយជំទាវម៉ៅ ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់។ហើយបងប្អូនមួយចំនួនបានធ្វើការវេចខ្ចប់ និងយកទៅដាក់ក្នុងធុងសំរាមដែលរដ្ឋបាលស្រុក បានដាក់ពង្រាយតាមបណ្តោយផ្លូវឆ្នេរជំទាវម៉ៅ ប៉ុន្តែទន្ទឹមនឹងនោះដែរ ក៏នៅមានបងប្អូនមួយចំនួនមិនបានធ្វើការវេចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវនៅឡើយទេ ។ ដោយធ្វើការចោលពាសវាលពាសកាលនៅតាមបណ្តោយឆ្នេរ បន្ទាប់មកអាជ្ញាធរមូលដ្ឋានរួក៏មជាមួយក្រុមហ៊ុនប្រមូលសំរាម ដើររើសប្រមូលយកចេញនារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០។
លោក សរ កក្កដា អភិបាលស្រុក ថ្លែងបែបនេះក្នុងពេលដែលដឹកនាំមន្ត្រីចុះរើសសំរាមនោះថា ភ្ញៀវទេសចរណ៍ជាច្រើន បើមិនមានការចូលរួម «សំរាមក៏មិនតិចដែរ» សំរាមនៅតាមឆ្នេរសមុទ្រ កើតឡើងពីពលរដ្ឋ និងអ្នកទេសចរណ៍មួយចំនួនដែលចោលឥតសណ្តាប់ធ្នាប់ មិនប្រមូលយកទៅដាក់ក្នុងធុងសំរាម ដែលបានរៀបចំទុកជាស្រេចនោះទេ ៕ដោយ៖ត្នោត