កីឡាករ Jude Bellingham ខ្សែបម្រើរបស់ក្លិប Birmingham City ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមខ្លួនផ្លាស់ទៅលេងឱ្យក្លិប Borussia Dortmund នៅរដូវក្តៅខាងមុខនេះ ហើយបានច្រានចោលសំណើផ្ទេរទៅកាន់ក្លិប Manchester United។
ខ្សែបម្រើ Bellingham ជាគោលដៅផ្ទេររបស់ក្លិបដែលមានរហស្សនាមថា បិសាចក្រហម នៅរដូវក្តៅនេះ។ លោក Solskjaer ដែលជាអ្នកចាត់ការទូទៅរបស់ក្លិប ពិតជាចង់បានកីឡាករសញ្ជាតិអង់គ្លេសវ័យ១៦ឆ្នាំរូបនេះខ្លាំងណាស់ ដោយសាររូបគេមានទម្រង់លេងល្អ ហើយជាកីឡាករវ័យក្មេងដែលធ្លាប់មានឱកាសចូលលេងបានច្រើនបំផុតជាមួយក្លិប Birmingham ពោលគឺរហូតដល់ទៅ៣២ប្រកួតឯណោះ ព្រមទាំងរកគ្រាប់បាល់បញ្ចូលទីចំនួន៤គ្រាប់ផងដែរ ក្នុងរដូវកាលនេះ។
យ៉ាងណាក៏ដោយ បើយោងទៅតាមសារព័ត៌មានអាល្លឺម៉ង Sport Bild បានអះអាងថា ខ្សែបម្រើ Bellingham ចង់ផ្លាស់ទៅលេងនៅក្របខ័ណ្ឌ Bundesliga ជាងផ្លាស់ទៅលេងនៅក្របខ័ណ្ឌ Premier League។ ប្រភពនេះ បានបញ្ជាក់ថា រូបគេចង់ទៅលេងនៅអាល្លឺម៉ងជាមួយ Dortmund ដោយសារទីនោះអាចមានជម្រើសចូលលេងច្រើនជាងនៅ Man Utd។
Bellingham ជាកីឡាករដែលត្រូវបានគេប្រដូចទៅនឹងវីរបុរសរបស់ក្លិប Liverpool គឺលោក Steven Gerrard ដោយមានទម្រង់លេងបាល់ទាត់ដូចគ្នា។ រូបគេក៏ទទួលបានការចាប់អារម្មណ៍ពីក្លិប Bayern Munich និង Chelsea ផងដែរ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ talksport