តោះនាថ្ងៃឈប់សម្រាកប្រិយមិត្តទាំងអស់គ្នាអាចមកស្វែងយល់ខ្លះពីឧបករណ៍តន្ត្រីបុរាណខ្មែរយើង។ ប្រជាពលរដ្ឋកម្ពុជាយើងតែងនាំគ្នាហៅទ្រ ប្រភេទនេះថា ទ្រខ្មែរ ឬទ្រខ្សែ៣ ។ ហៅថា ទ្រខ្មែរ ពីព្រោះតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ននេះ គេឃើញតែជនជាតិខ្មែរជាអ្នក ប្រើប្រាស់ទ្រនេះ ។ ហៅថា ទ្រខ្សែ៣ ព្រោះគេឃើញទ្រនេះមានខ្សែសំនៀង៣ ខុសពីទ្រ ដទៃទៀតនៅក្នុងកម្ពុជា ដែលមានខ្សែសំនៀងតែ២ ។
១.ភាពចំណាស់នៃឧបករណ៍
តាមដឹងរបស់ដូនតាយើងច្រើនតំណរមក ហើយលោកដឹងថា ឧបករណ៍ទ្រខ្មែរនេះមានអាយុរាប់ពាន់ឆ្នាំហើយ គឺមានតាំងពីមុនគ្រិស្ដសករាជទៅទៀត នៅក្នុងតំបន់អូស្ដ្រូអាស៊ីនេះ ដែលមានជនជាតិខ្មែរ (ទ្រខ្មែរ) និងជនជាតិឥណ្ឌូណេស៊ី (Rabab) ប្រើប្រាស់វា ប៉ុន្ដែក្រោយមកជនជាតិថៃឡង់ (សោ សាម សៃ So Sam Sai) ក៏ប្រើប្រាស់ទ្រប្រភេទ នេះដែរ ។
២.សម្ភារៈសម្រាប់ផលិតទ្រខ្សែបី
ឧបករណ៍ទ្រខ្មែរធ្វើឡើងដោយមាន
-ដងរាងមូលត្រង់ តូចក្រោមធំលើ មានក្រឡឹងក្បាច់ផ្សេងៗជាគ្រឿងលំអ ។ ដងនេះច្រើនធ្វើអំពីឈើរឹង ដូចជាឈើនាងនួន ឈើគ្រញូង ឬឈើខ្មៅ មានបញ្ចុះភ្លុកដំរី ឆ្អឹង ឬ ឈើដៃខ្លាពណ៌ស ជាកង់ៗ ដើម្បីឱ្យកាន់តែមានប្រណីតភាពឡើង ។
-ព្រលួតមាន៣ ធ្វើអំពីប្រភេទឈើរឹង ដូចដងដែរ មានទំហំ និងប្រវែងប៉ុនគ្នា ជួនកាលមានបញ្ចុះភ្លុក ឬឆ្អឹង ឬឈើសនៅចុងដើម ហើយមានក្បូរក្បាច់ជាគ្រឿងលំអទៀតផង ។
-ប្រអប់សំនៀងធ្វើអំពីត្រឡោកដូងរាង ដូចក្បាលដំរី គេយកមួយចំហៀងបញ្ឈរមកធ្វើ ។ នៅផ្នែកខាងខ្នងប្រអប់សំនៀងមានចោះរន្ធតូចៗជាក្បាច់ផ្សេងៗសំរាប់បញ្ចេញសំនៀងមកក្រៅ ។ នៅផ្នែកខាងមុខប្រអប់ មានសន្ទះដែលគេយកស្បែកពស់មកពាស ។ នៅលើសន្ទះមានបិទដុំប្រមរមួយដុំតូចមូលប៉ុនម្រាមដៃ មានឈ្មោះហៅថា ដោះ ។ ដោះនេះសំរាប់ធ្វើឱ្យសំនៀងស្អកស្អាដែលជាលក្ខណៈសំនៀងរបស់ទ្រខ្មែរ ។
-ឆាកទ្រខ្មែរក៏ដូចជាឆាកទ្រដទៃទៀតដែរ ប៉ុន្ដែឆាកទ្រខ្មែរប្រើកូតនៅពីក្រៅខ្សែសំនៀង ។ នៅពេលគេត្រូវការកូតម្ដងៗ គេយកឆាកមកផ្អឹបឱ្យជាប់នឹងខ្សែសំនៀងត្រង់គែមប្រអប់ខាងលើទើបគេរុញទាញតាមទម្លាប់ ។
-យ៉ងធ្វើអំពីឈើ ឬឫស្សីដែលមានរាងកោងសំរាប់ទ្រខ្សែសំនៀងទាំង៣ឱ្យផុតគែមប្រអប់សំនៀង ។ គេដាក់យ៉ងខិតមកផ្នែកខាងលើនៃសន្ទះទន្ទឹមគ្នានឹងដោះ ។
-ខ្សែសំនៀងមាន៣ ខ្សែទី១ តូចឈ្មោះថា ខ្សែឯក ខ្សែទី២ ឈ្មោះថា ខ្សែភាន់ ខ្សែទី៣ ធំឈ្មោះថា ខ្សែ គ ។ ខ្សែទាំង៣នេះ ធ្វើ អំពីខ្សែលោហធាតុ ។
-ខ្សែ ក ធ្វើអំពីអំបោះឆៅស្ថិតនៅខាងក្រោមព្រលួតទាំង៣ សំរាប់ចងខ្សែសំនៀងទាំង៣ ផ្អោបទៅនឹងដង ។
៣. ជំនឿ
តាមទស្សនៈរបស់តន្ដ្រីករបុរាណខ្លះៗ ដែលកាន់ព្រះពុទ្ធសាសនាបានឱ្យនិមិត្ដរូបទៅលើឧបករណ៍ទ្រខ្មែរថា ជាឧបករណ៍តំណាង ជីវិតមនុស្ស គឺតំណាងខន្ធប្រាំដែលជាខន្ធ របស់មនុស្សគ្រប់រូប ៕
-ផ្នែកខាងក្រោមប្រអប់សំនៀង (ចន្ទល់ ឬជើងទ្រ) តំណាងរូប
-គ្រប់ប្រអប់សំនៀងទាំងមូល តំណាង វេទនា
-ពីប្រអប់សំនៀងមកពាក់កណ្ដាលដង តំណាងសញា
-ពីពាក់កណ្ដាលដងមកទល់ព្រលួតខាង ក្រោម តំណាងសង្ខារ
-ពីព្រលួតខាងក្រោមមកដល់ក្បាលខាង លើតំណាងវិញាណ។
៤.សម័យនិយម
ដោយឡែកនៅពេលកូតម្ដងៗ គេប្រើចុងម្រាមដៃ សំរាប់ចុចលើខ្សែមិនប្រើគល់ម្រាមដៃដូចការចុចលើខ្សែទ្រដទៃឡើយ ។ ឧបករណ៍ទ្រខ្មែរ គឺជាឧបករណ៍ដែលមានមុខងារសំខាន់បំផុតនៅក្នុងវង់ភ្លេងអារក្ស និងនៅក្នុងវង់ភ្លេងការបុរាណ ។
នៅពេលប្រគំម្ដងៗ ឧបករណ៍នេះតែងតែចេញផ្ដើមបទមុនឧបករណ៍ដទៃ ។ កាលពីសម័យដើម អ្នកកូតទ្រខ្មែរ គឺជាអ្នកច្រៀងផងកូតផង ក្រោយមកអ្នកទះស្គរ គឺជាអ្នកច្រៀង ចុងក្រោយបង្អស់នេះអ្នកច្រៀងគឺជាអ្នកគោះ ឈិង ឬជាអ្នកទំនេរគ្មានកាន់ឧបករណ៍អ្វីទេ។ ជួបគ្នាជាមួយអត្ថបទក្រោយៗទៀត៕