បន្ទាប់ពីមានទូកនេសាទចំនួន ២គ្រឿងបានលិចក្នុងសមុទ្រនៅកោះ Maithon កាលពីព្រឹកថ្ងៃទី ១២ មិថុនា ក្រុមអ្នកសង្រ្គោះមកពី Royal Thai Navy Third Area បានរកឃើញបុរស ២នាក់នៅមានជីវិតនៅឡើយ។ ការស្វែងរកជនរងគ្រោះនៅតែបន្ត ព្រោះថានៅមានអ្នកលិចទូកចំនួន៤នាក់ទៀតមិនទាន់រកឃើញនៅឡើយ។
ការស្វែងរកជនរងគ្រោះនេះបានចាប់ផ្តើមតាំងពីម៉ោង៨ព្រឹក បន្ទាប់ពីមានគេរាយការណ៍ថា មានរបស់អណ្តែតនៅចម្ងាយ ៨គីឡូម៉ែត្រពីកោះ Maithon ។ អ្នកនេសាទក្នុងស្រុកម្នាក់បានប្រទះឃើញអត្តសញ្ញាណប័ណ្ណមួយអណ្តែតនៅលើសមុទ្រមានឈ្មោះថា Witoon Mahawannasri អាយុ ៣៨ឆ្នាំមកពីខេត្ត Phayao ។ ទូកកងពលជើងទឹក Tor 229 ត្រូវបានគេដាក់ពង្រាយភ្លាមៗនៅពេលទទួលបានការជូនដំណឹង ហើយពួកគេបានរកឃើញបុរស២នាក់នៅមានជីវិតនៅឡើយ។ អ្នកដែលត្រូវបានគេសង្គ្រោះមានឈ្មោះថា Suthep Hapsup និង Arthit Banpoom ដែលបានជិះទូកមួយក្នុងចំណោមទូកវែងទាំងពីរដែលលិចនៅក្នុងសមុទ្រ។ ក្រុមអ្នកសង្គ្រោះបន្តស្វែងរកមនុស្សចំនួន ៤នាក់ផ្សេងទៀតដែលកំពុងបាត់ខ្លួន។ ពួកគេគឺ Abi Wareesri (ម្ចាស់ទូក), Preechaprakon Hapsup, Witoon Mahawannasri និង Nikorn Faipet។
តាមប្រភពបានឱ្យដឹងថា ទូកទាំងពីរបានចាកចេញពីតំបន់ Ao Makham នៅវេលាម៉ោង ៤និង៣០នាទីរសៀល កាលពីថ្ងៃទី១១ មិថុនាជាមួយអ្នកនេសាទផ្សេងទៀត។ ទូកទាំងពីរត្រូវបានជន់លិចដោយសារមានរលកធំៗ ហើយបានលិចនៅចម្ងាយប្រហែល ១.៥ ម៉ាយពីកោះ Maithon នៅម៉ោងប្រហែល ៣ ទៀបភ្លឺ។ ក្រុមអ្នកសង្គ្រោះនិងមន្ត្រីប៉ូលិស Marine រួមទាំងអ្នកនេសាទផ្សេងទៀតក្នុងតំបន់កំពុងបន្តស្វែងរកជនរងគ្រោះដែលបាត់ខ្លួនចំនួន ៤នាក់ផ្សេងទៀត។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Phuket news