កីឡាករ Hwang Hee-chan ខ្សែប្រយុទ្ធរបស់ក្លិប RB Salzburg ត្រូវបានគេរាយការណ៍ថា កំពុងទទួលការចាប់អារម្មណ៍ចង់បានពីក្លិប RB Leipzig នៅក្នុងទីផ្សាររដូវក្តៅនេះ។
យោងតាមសារព័ត៌មានអាល្លឺម៉ង Bild បានឱ្យដឹងថា ក្លិប Leipzig មានគម្រោងចង់នាំយកខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូងរូបនេះ មកជំនួសកីឡាករខ្សែប្រយុទ្ធ Timo Werner ដែលត្រូវបានគេរាយការណ៍ថា កំពុងត្រៀមចាកចេញទៅចូលរួមជាមួយក្លិបមួយនៅក្នុងក្របខ័ណ្ឌ Premier League របស់ប្រទេសអង់គ្លេស។
មានរបាយការណ៍ជាច្រើន បានចុះផ្សាយព្រោងព្រាតថា ខ្សែបម្រើ Werner កាន់តែខិតជិតនឹងការផ្លាស់ទៅក្លិប Chelsea នៅរដូវក្តៅនេះហើយ ស្របពេលដែលនាយកកីឡារបស់ក្លិប Leipzig គ្មានជម្រើសរក្សារូបគេទុកទៀតទេ។
យ៉ាងណាមិញ ក្លិប Leipzig បានត្រៀមទិញកីឡាករ Hee-chan មកជួយសម្រួលនៅតំបន់ប្រយុទ្ធដែលកំពុងប្រឈមនឹងការខ្វះខាត ប្រសិនបើ Werner ពិតជាត្រូវចាកចេញមែននោះ។ បច្ចុប្បន្ន Hee-chan នៅមានកិច្ចសន្យាជាមួយក្លិប Salzburg រហូតដល់ឆ្នាំ២០២១។
តាមការពិតទៅខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះ ក៏ធ្លាប់ប្រកបអាជីពនៅប្រទេសអាល្លឺម៉ងផងដែរ កាលពីរដូវកាលមុន ដោយត្រូវបានក្លិប Hamburger ខ្ចីជើងរយៈពេលមួយរដូវកាល។
ក្រោយពីវិលត្រឡប់ទៅកាន់ប្រទេសអូទ្រីសវិញ រូបគេបានបង្ហាញខ្លួនឱ្យក្លិប Salzburg ចំនួន៣៣ប្រកួត ហើយរកគ្រាប់បញ្ចូលទីបាន១៤គ្រាប់ ព្រមទាំងប៉ះបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី (Assists) ១៩លើកផងដែរ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ getfootballnewsgermany