
កីឡាករ Marko Grujic ខ្សែបម្រើរបស់ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា នឹងវិលត្រឡប់មកចក្រភពអង់គ្លេសវិញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីកិច្ចសន្យាខ្ចីជើងរយៈពេលពីររដូវកាលកាន់តែកៀកដល់ថ្ងៃផុតកំណត់ជាមួយក្លិប Hertha Berlin។
ខ្សែបម្រើ Grujic ត្រូវបានក្លិប Berlin នៅប្រទេសអាល្លឺម៉ង់ខ្ចីជើងយកទៅលេងរយៈពេលមួយរដូវកាល ប៉ុន្តែក្រោយមករូបគេបានបង្ហាញទម្រង់លេងល្អ ក៏ធ្វើអ្នកនាយកប្រតិបត្តិក្លិបនៅទីនោះសម្រេចទុកគេលេងមួយរដូវកាលទៀត ខណៈពេលដែលកិច្ចសន្យារបស់សាមីខ្លួននឹងត្រូវផុតនៅថ្ងៃទី៣០ ខែមិថុនានេះហើយ។
យ៉ាងណាមិញ បើយោងតាមការអះអាងពីលោក Michael Preetz នាយកកីឡារបស់ Hertha បាននិយាយថា៖ “ខ្ញុំប្រាកដ ១០០ភាគរយថា កិច្ចព្រមព្រៀងរបស់យើង និង Liverpool លើកិច្ចសន្យាខ្ចីជើងជាមួយ Grujic នឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា “។
ក្នុងរយៈពេលជាងពីររដូវកាលក្នុងការផ្លាស់មកលេងនៅអាល្លឺម៉ង់ ខ្សែបម្រើសញ្ជាតិស៊ែប៊ីរូបនេះ បានបង្ហាញខ្លួនឱ្យក្លិប Hertha ក្នុងក្របខ័ណ្ឌ Bundesliga សរុបទាំងអស់ចំនួន ៥០ប្រកួត ហើយរកគ្រាប់បាល់បញ្ចូលទីបាន ៩គ្រាប់ផងដែរ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore