ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្តមួយគ្រឿងពាក់ស្លាកលេខ ខ.ម បានបើកក្នុងល្បឿនលឿន រួចក៏ជ្រុលបុកម៉ូតូយុវតី២នាក់បងប្អូនដែលកំពុងតែឆ្លងផ្លូវ បណ្តាលឱ្យរបួសធ្ងន់ និងបង្កឱ្យមានការកកស្ទះចរាចរណ៍នៅលើដងផ្លូវជាតិលេខ៦ ចំណែកអ្នកបើកគេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ តែលុះពេលសមត្ថកិច្ចចុះមកដល់ធ្វើការវាស់វែង និងស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនបាននៅក្នុងវត្តតែម្តង ។
សេចក្តីរាយការណ៍បន្តថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ខ.ម និងម៉ូតូខាងលើកើតឡលងកាលពីម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ នៅចំណុចចន្លោះបង្គោលគីឡូម៉ែតលេខ ២៥១-២៥២ លើ ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ។
បើតាមការបញ្ជាក់ពីលោកអធិការនគរបាលស្រុកជីក្រែង បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែសីហានេះថា មុនកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក LEXUS.LS 4.60L ពាក់ផ្លាកលេខខេមរភូមិន្ទ ០១=២-៨៥៥៤ ជាប្រភេទទេសចរណ៍ ពណ៌ខ្មៅ ចំណែកអ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះទេ ដោយបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។
លោកអធិការនគរបាលស្រុកជីក្រែងបន្តថា លុះមកដល់កន្លែងកើតហេតុ បានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ឆ្នាំ២០១៧ ពាក់ផ្លាកលេខសៀមរាប 1Y- 7118 ពណ៌ខ្មៅ អ្នកបើកបរឈ្មោះ ផុន ហេង ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិតាយ៉ុន ឃុំស្ពានត្នោត ស្រុកជីក្រែង និងដឹកមនុស្សម្នាក់ទៀតឈ្មោះ តឿ ធី ភេទស្រី អាយុ១៣ឆ្នាំ ត្រូវជាប្អូន ដោយធ្វើដំណើរពីត្បូងទៅជើង បណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់ទាំង២នាក់ ហើយក៏ត្រូវរថយន្តដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
លោកបានបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឱ្យខូចខាតម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះរងការខូចខាតធ្ងន់ ចំណែករថយន្តបង្ករងការខូចខាតមធ្យម ។ ចំពោះ មូលហេតុ គឺអ្នកបើកម៉ូតូឆ្លងកាត់ផ្លូវមិនប្រុងប្រយ័ត្ន និងរថយន្តបើកបរក្នុងល្បឿនលឿនផងនោះ ទើបបណ្តាលឱ្យមានគ្រោះថ្នាក់បែបនេះតែម្តង ។
ក្រោយពីធ្វើការឃាត់ខ្លួនរួច ក៏នាំយកមកសួរនៅអធិការនគរបាលស្រុក ហើយរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញនៃស្នងការនគរបាលខេត្ត ដើម្បីធ្វើការសួរនាំបន្ត។
បន្ទាប់ពីកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្ត បានសួរនាំរួច បុរសរូបនេះបានឆ្លើយសារភាពថា ខ្លួនបានបើកឡានមកពីភ្នំពេញម្នាក់ឯង លុះមកដល់ចំណុចកើតហេតុ ក៏បុកម៉ូតូជនរងគ្រោះនៅស្រុកជីក្រែងពិតមែន នេះបើតាមសម្តីរបស់មន្ត្រីនគរបាលជំនាញនៃស្នងការនគរបាលខេត្តសៀមរាប។
បច្ចុប្បន្ន ជនបង្កខាងលើនេះ កំពុងសួរនាំនៅស្នងការនគរបាលខេត្ត ចំណែករថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព