ស្ថានភាពនៅឧបទ្វីបកូរ៉េ តានតឹងជាថ្មី ក្រោយកូរ៉េខាងជើងកាត់ផ្តាច់បណ្តាញទំនាក់ទំនង់ នៅព្រំដែន។ រីឯកម្លាំងទាហានប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១១ ខែមិថុនា បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅតំបន់សមុទ្រភាគខាងកើតប្រទេសនេះ។ សមយុទ្ធធ្វើឡើង ក្នុងពេលប្រទេសកូរ៉េទាំងពីរកំពុងប្រឈមមុខតានតឹងដាក់គ្នា ហើយកូរ៉េខាងជើងបានកាត់ផ្តាច់បណ្តាញទំនាក់ទំនង នៅព្រំដែន។
សមយុទ្ធពេលដំបូងគ្រោងធ្វើឡើង នៅខែឧសភា ប៉ុន្តែត្រូវផ្អាកទៅវិញ ដោយសារតែអាកាសធាតុមិនអំណោយផល។ មួយវិញទៀតទីក្រុងសេអ៊ូលមានចេតនាចង់ផ្អាកការធ្វើសមយុទ្ធ ដើម្បីបញ្ចៀសការប្រឈមមុខតានតឹងជាមួយកូរ៉េខាងជើង ព្រោះរាល់ការធ្វើសមយុទ្ធតែងតែរងប្រតិកម្មយ៉ាងខ្លាំងពីកូរ៉េខាងជើង ។
សមយុទ្ធបាញ់គ្រាប់ពិតនេះ ត្រូវធ្វើឡើង១ឆ្នាំ ចំនួនពីរលើក ដោយមានកម្លាំងទាហានជើងទឹក និងជើងគោកចូលរួម។ សមយុទ្ធធ្វើឡើងនៅឆ្នេរសមុទ្រទីក្រុង Uljin មានចម្ងាយពីទីក្រុងសេអ៊ូល ៣៣០គីឡូម៉ែត្រ ។ នៅក្នុងសមយុទ្ធនោះ មានសម្ភារសឹកជាច្រើនប្រភេទ គឺមានទាំងរ៉ុក្កែតទៀតផង។
ទំនាក់ទំនងរវាងបងប្អូនកូរ៉េទាំងពីរល្អប្រសើរបានមួយរយៈ ក៏ប្រឈមមុខតានតឹងដាក់គ្នាជាថ្មី ក្រោយពេលមានក្រុមប្រឆាំងកូរ៉េខាងជើង នៅក្នុងកូរ៉េខាងត្បូង លួចបង្ហោះសារ ហើយនាំទាំងអង្ករ និងស្បៀងអាហារមួយចំនួនទៅកាន់កូរ៉េខាងជើង ជាការបំពានទៅលើកិច្ចព្រមព្រៀងបញ្ចប់សកម្មភាពប្រឆាំងនឹងកូរ៉េខាងជើង។ ហេតុការណ៍ទាំងនោះហើយបានធ្វើឲ្យកូរ៉េខាងជើងខឹងសម្បាយ៉ាងខ្លាំង ទើបកាត់ផ្តាច់ទំនាក់ទំនងតែម្តង៕ ប្រែសម្រួលដោយ៖ MEO