មុនពេលទម្លាប់កំហុស ឬរអ៊ូរទាំពីចៅហ្វាយរបស់អ្នក អ្នកគួរតែសួរខ្លួនឯងជាមុនសិនថា តើអ្នកមានយល់ច្បាស់ពីកិច្ចការដែលខ្លួនត្រូវធ្វើទេ? មានយល់ពីអ្វីដែលចៅហ្វាយរបស់អ្នកចង់បានទេ? និងមានដឹងពីវិធីក្នុងការធ្វើការជាមួយចៅហ្វាយរបស់អ្នកដោយមានប្រសិទ្ធភាពទេ?
វាងាយស្រួលណាស់ក្នុងការសន្មត់ពីអ្វីដែលចៅហ្វាយរបស់អ្នកចង់បាន ដោយមិនបានសួរបញ្ជាក់ឲ្យបានច្បាស់លាស់ជាមុនសិន។ ជាលទ្ធផល វាមានតែបង្កនូវបញ្ហាក្នុងការប្រកបការងារប៉ុណ្ណោះ។ ប្រសិនបើអ្នកធ្លាប់ធ្លាក់ក្នុងស្ថានការស្រដៀងនឹងនេះដែរ អ្នកគួរតែពិចារណាសួរសំណួរខាងក្រោមទៅកាន់ចៅហ្វាយរបស់អ្នកប្រសិនបើអ្នកចង់ជោគជ័យក្នុងអាជីព។
១. តើមានគោលដៅអ្វីដែលសំខាន់ជាងគេដែលចៅហ្វាយអ្នកចង់សម្រេច?
សំណួរនេះ នឹងអនុញ្ញាតឲ្យអ្នកយល់ដឹងបន្ថែមពីគោលដៅរយៈពេលខ្លីរបស់ចៅហ្វាយរបស់អ្នក ហើយវាអនុញ្ញាតឲ្យអ្នកដឹងពីអ្វីដែលអ្នកត្រូវសម្រេចផងដែរ។ ជាក់ស្តែង ចៅហ្វាយរបស់អ្នកមិនអាចប្រាប់ឲ្យបានច្បាស់លាស់នូវអ្វីដែលពួកគេចង់សម្រេចបានទេ ប៉ុន្តែអ្នកអាចសួរពីអ្វីដែលពួកគេឲ្យតម្លៃខ្លាំងជាងគេបាន ដើម្បីអាចឲ្យអ្នកផ្តោតស្មារតីលើចំណុចទាំងនោះ។
២. តើចៅហ្វាយអ្នកមានគោលដៅអ្វីក្នុងអាជីព?
សំណួរនេះ ពាក់ព័ន្ធនឹងគោលដៅរយៈពេលវែងរបស់ចៅហ្វាយរបស់អ្នក។ ឧទាហរណ៍ ចៅហ្វាយរបស់អ្នកចង់ក្លាយជាអនុប្រធានក្រុមហ៊ុនក្នុងរយៈពេល ៥ទៅ ១០ឆ្នាំខាងមុខជាដើម។ ឬចៅហ្វាយរបស់អ្នកចង់ចាប់ផ្តើមអាជីវកម្មមួយដោយខ្លួនឯងវិញ។ ការដឹងពីគោលដៅទាំងនេះ នឹងអនុញ្ញាតឲ្យអ្នកដឹងពីមូលហេតុដែលចៅហ្វាយអ្នកសម្រេចចិត្តលើកិច្ចការមួយចំនួនដូចជា ស្ម័គ្រចិត្តធ្វើកិច្ចការដែលអ្នកគិតថា មិនមានសារៈសំខាន់ជាដើម។
៣. តើមានអ្វីដែលអ្នកអាចធ្វើ ដើម្បីជួយឲ្យចៅហ្វាយអ្នកជោគជ័យ?
អ្នកត្រូវឧស្សាហ៍សួរសំណួរនេះ ព្រោះអ្នកត្រូវតែតែងតែចង់ជួយឲ្យចៅហ្វាយរបស់អ្នកជោគជ័យ។ ពេលដែលអ្នកទទួលបានការឆ្លើយតបដែលស្មោះត្រង់ហើយ អ្នកត្រូវតែផ្តោតស្មារតីលើកិច្ចការទាំងនោះព្រោះអ្នកដឹងច្បាស់ហើយថា កិច្ចការណាមានសារៈសំខាន់ជាងគេសម្រាប់ចៅហ្វាយរបស់អ្នក។
៤. តើមានអ្វីដែលអ្នកត្រូវកែសម្រួលទេ?
ការយល់ច្បាស់ពីការរំពឹងទុករបស់ចៅហ្វាយរបស់អ្នកមានសារៈសំខាន់ណាស់ ប្រសិនបើអ្នកចង់ផ្តល់នូវលទ្ធផលល្អៗ ហើយសំណួរនេះអនុញ្ញាតឲ្យអ្នកទទួលបានចម្លើយនេះបាន។ ឧទាហរណ៍ ចៅហ្វាយរបស់អ្នកចង់ឲ្យអ្នកមានភាពសកម្មជាងមុនរាល់ពេលដែលមានកិច្ចប្រជុំ នោះអ្នកនឹងដឹងថា ចៅហ្វាយរបស់អ្នកចូលចិត្តបរិស្ថានដែលមានការសហការគ្នា៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព