ការគ្រប់គ្រងអាជីវកម្មមួយកាន់តែមានឧបសគ្គច្រើនតាំងពីមានការផ្ទុះជំងឺកូវីដ ១៩ កន្លងមកនេះ ដែលងាយស្រួលធ្វើឲ្យសហគ្រិនមួយចំនួនបាត់បង់ជំនឿចិត្តលើខ្លួនឯង ។ ប៉ុន្តែក្នុងនាមជាសហគ្រិន អ្នកត្រូវតែមានសមត្ថភាពក្នុងការជំរុញទឹកចិត្តខ្លួនឯង ជាពិសេសក្នុងពេលដែលជួបការលំបាក។ ខាងក្រោមគឺជាវិធីជំរុញទឹកចិត្តខ្លួនឯងពេលដែលអាជីវកម្មរបស់អ្នកកំពុងជួបបញ្ហា៖
១. បង្ហាញខ្លួនសម្រាប់មនុស្សដែលបង្ហាញខ្លួនដើម្បីអ្នក៖
អ្នកមិនគួរមើលរំលងតម្លៃផលិតផល ឬសេវាកម្មដែលអ្នកផ្គត់ផ្គងឡើយ។ ព្រោះប្រសិនបើផលិតផល ឬសេវាកម្មរបស់អ្នកមានគុណភាពល្អពិតមែននោះ អ្នកនឹងតែងតែមានអ្នកចាំគាំទ្រ និងលើកទឹកចិត្តអ្នកឲ្យក្រោកឈរឡើងវិញ។ ដោយហេតុដូចនេះហើយទើបអ្នកត្រូវតែបង្ហាញខ្លួនដើម្បីមនុស្សទាំងនោះវិញ។ វាអាចជាពេលល្អក្នុងការពង្រឹងទំនាក់ទំនងដែលអ្នកមានដែរ។
២. រក្សាភាពវិជ្ជមាន៖
ភាពវិជ្ជមានទាក់ទាញឱកាសល្អៗ ខណៈដែលភាពអវិជ្ជមានរុញច្រានឱកាសចេញពីអ្នក។ មនុស្សមិនអាចគ្រប់គ្រងអ្វីៗដែលកើតមានឡើងក្នុងជីវិតទេ តែអ្នកតែងតែអាចគ្រប់គ្រងការឆ្លើយតបរបស់អ្នកទៅនឹងស្ថានការក្នុងជីវិត និងមនុស្សដែលអ្នកជួប។ ការឆ្លើយតបដោយវិជ្ជមាន និងការស្វែងរកឱកាសគ្រប់ពេលវេលាមិនថាពេលល្អឬពេលល្អបាកនឹងអនុញ្ញាតឲ្យអ្នកមានឱកាសជោគជ័យខ្ពស់ជាងការឆ្លើយតបដោយអវិជ្ជមាន។
៣. រកអ្នកណែនាំ៖
សហគ្រិនដែលជោគជ័យជាមនុស្សដែលតែងតែរៀនសូត្រជានិច្ច ជាពិសេសពីមនុស្សដែលមានបទពិសោធន៍ច្រើន និងជាមនុស្សដែលអ្នកអាចជឿទុកចិត្តបាន។ អ្នកណែនាំរបស់អ្នកគួរជាមនុស្សដែលអ្នកគោរពស្រលាញ់ និងមនុស្សដែលមានចិត្តស្មោះត្រង់ចង់ឃើញអ្នកទទួលបានលទ្ធផលល្អពិតប្រាកដ។
៤. តែងតែព្យាយាមរកវិធីអភិវឌ្ឍន៍ខ្លួន៖
មិនមាននរណាម្នាក់ចាប់កំណើតមកក្លាយជាអ្នកជំនាញដែលចេះអ្វីៗគ្រប់សព្វបែបយ៉ាងទេ។ មនុស្សរៀនពីបទពិសោធន៍ និងកំហុសឆ្គងរបស់ខ្លួន និងមនុស្សជុំវិញខ្លួន។ មេរៀនដែលសំខាន់ជាងគេភាគច្រើនកើតចេញពីការធ្វើខុស ដូច្នេះអ្នកមិនគួរភ័យខ្លាចក្នុងការសាកល្បងអ្វីដែលថ្មីៗទេ។ អ្នកតែងតែមានផ្លូវក្នុងការអភិវឌ្ឍន៍ខ្លួនឲ្យប្រសើរជាងមុនជានិច្ច ដូច្នេះអ្នកត្រូវតែរក្សាភាពបត់បែន និងរឹងមាំ ព្រមទាំងព្យាយាមដើរទៅមុខគ្រប់ពេលវេលា៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព