Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពិសារស្រាដែលមានសារធាតុមេតាណុល អាចប៉ះពាល់ដល់ជីវិត

សុខភាព៖ មេតាណុល (Methanol or CH3-OH) ជាសារធាតុស្ថិតក្នុងក្រុមអាល់កុល ដែលមានមេទីលអាល់កុល អាល់កុលឈើ (Wood Alcohol), Carbinol ឬស្រាឈើ (wood spirit)។ វាជាសារធាតុហើរ (Voltile) អាចឆេះ ដែលមានក្នុងធម្មជាតិ តែគេអាចផលិតវាបាន។

សារធាតុទាំងនេះ គេយកទៅប្រើនៅក្នុងមន្ទីរពិសោធន៍ជាអង្គធាតុរំលាយ (Solvent) ជាភ្នាក់ងាររក្សាគុណភាព (Preservatives) និងឧស្សហកម្មនានា ដូចជាឧស្សាហកម្មផលិតក្រដាស់ ជ័រកាវ ទឹកខ្មៅ ឧស្សាហកម្មផលិតឱសថ ពពួកវីតាមីន ថ្នាំអ័រម៉ូន និងថ្នាំដទៃទៀត ព្រមទាំងសម្រាប់លាង ឬសម្អាតថ្នាំលាបជាដើម។

ដោយឡែក នៅតាមប្រទេសមួយចំនួន គេមានយកវាទៅប្រើលាយនឹងសារធាតុអេតាណុល ដើម្បីផលិតស្រាក្លែងក្លាយ ឬលាយជាមួយស្រាស ដើម្បីឱ្យស្រានោះខ្លាំង។ សារធាតុនេះ ត្រូវបានអ្នកជំនាញ និងក្រសួងហាមជាដាច់ខាត់ មិនឱ្យប្រើប្រាស់លាយជាមួយនឹងអេតាណុល ឬស្រា ឬចំណីអាហារនានា។

មេតាណុល ជាសារធាតុពុលមួយ ដែលអាចជ្រាបចូលក្នុងរាង្គកាយបានតាមរយៈដង្ហើម និងការបរិភោគអាហារ និងភេសជ្ជៈដែលមានផ្ទុកសារធាតុនេះ ដូចជា ជាតិអេតាណុល ឬស្រា ឮវានឹងជ្រាបចូលក្នុងសរន្តឈាមនៅក្រពះ ហើយទៅធ្វើប្រត្តិកម្មនៅនឹងថ្លើម។

រយៈពេលនៃការជ្រាបចូលក្នុងចរន្តឈាម គឺអាស្រ័យលើបរិមាណចំណីអាហារក្នុងក្រពះ។ វានឹងជ្រាបចូលក្នុងចរន្តឈាមដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលចន្លោះពី ៣០ ទៅ ៩០នាទីបន្ទាប់បរិភោគចូលទៅ។

ពេលវាទៅដល់ថ្លើម ៧៥ទៅ ៨៥% ត្រូវកោសិកាថ្លើមបម្លែងទៅជាហ្វ័រម៉ាត ឬអាស៊ីតហ្វ័រមិច និងក្រោយមក បម្លែងពីមេតាណុល មកជាអាស៊ីតហ្វ័រមិច ដែលមានរយៈពេលត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ តែពីអាស៊ីតហ្វ័រមិចទៅជាឧស្ម័នកាបូនិច និងទឹក ត្រូវការរយៈ ២ ឬ ៣ ថ្ងៃ ឬយូរជាងនេះ ជាហេតុធ្វើឱ្យពុល បង្កគ្រោះថ្នាក់ពិការភ្នែក និងស្លាប់ផងដែរ។

ជាតិហ្វ័រមិចដែលកោសិកាថ្លើមបំលែងពីមេតាណុលបានធ្វើឱ្យឈាមក្លាយជាមជ្ឈដ្ឋានអាស៊ីត (pH<7,3) ដែលគេឱ្យឈ្មោះថា Metabolic acidosis។ អ្នកជំងឺនឹងចាប់ផ្តើមបង្ហាញអាការៈពុលនៅរយៈពេល ១២ ទៅ ២៤ម៉ោង ក្រោយពេលលេបជាតិមេតាណុលចូលទៅក្នុងពោះ ឬយូរជាងនេះ បើមានលេបជាតិអេតាណុល (អាល់កុល ឬស្រា) ទៅជាមួយគ្នា។

លើសពីនេះ ជាតិអាស៊ីតហ្វ័រមិចនេះ ទៅបំផ្លាញសសៃប្រសាទ និងខួរក្បាល ពីសេសសសៃបាតភ្នែក (Retina កន្លែងទទួលរូបភាពពីក្រៅ) និងសសៃ Optic Nerve (សសៃបញ្ជូនរូបភាពទាំងឡាងទៅខួរក្បាល)។

ដំណាក់កាលដំបូង (ចាប់ពី ៣០នាទី ដល់ ២ម៉ោង) អ្នកជំងឺមានអាការ:ដូចជាការស្រវឹងធម្មតា ដូចជា ធីងធោង ឈឺក្បាល អស់កម្លាំង វង្វេង ងងុយដេក។

ចំណែកដំណាក់កាលបន្ទាប់ (ចាប់ពី ២ម៉ោង ដល់ ៧២ម៉ោង) អ្នកជំងឺលេចចេញនូវរោគសញ្ញាផ្សេងៗដូចជា ចុកទ្រូង ក្អួត ចង្អោរ ឈឺពោះ ស្រវាំងភ្នែក ការថយចុះនូវគំហើញ ងងឹតភ្នែក បេះដូងដើរញាប់ (បេះដូងដើរយឺត និង ចុះសំពាធឈាមក្នុងករណីធ្ងន់ធ្ងរ) ប្រកាច់ និង សន្លប់ដង្ហើមញាប់ ពិបាកដកដង្ហើម ដកដង្ហើមវែងៗ និងបាត់ដង្ហើម។

លើសពីនោះ យើងក៏មានផលពិបាកដូចជា៖

  • ជាតិអាស៊ីតក្នុងឈាមកើនឡើង
  • បែកគ្រាប់ឈាម
  • បែកជាលិកាសាច់ដុំ
  • ខ្សោយតម្រងនោមស្រួចស្រាវ
  • រលាកលំពែង
  • ខ្សោយថ្លើម

ចំពោះការព្យាបាលគឺ៖

  • ផ្តោតលើការពិនិត្យតាមដានផ្លូវដង្ហើមអ្នកជំងឺ។
  • កែតំរូវជាតិអេឡិចត្រូលីត្រក្នុងឈាមមកមកវិញ (ធ្វើឱយឈាមក្លាយជាមជ្ឈមិនមែនជាអាស៊ីតឡើងវិញ ឬឱយpH របស់ឈាមមកតំលៃធម្មតាវិញ)ដោយប្រើសេរ៉ូម Sodium bicarbonate។
  • គេប្រើជាតិអេតាណុល ឬ ថ្នាំ Fomepizol/4-methylpyrazole (Antizol) ដើម្បីពន្យាពេលកោសិកាថ្លើមមិនឱ្យបម្លែងមេតាណុល ទៅហ្វ័រមិចអាស៊ីត លឿនពេក។
  • យកអ្នកជំងឺទៅលាងឈាម (Dialysis) ដើម្បីជម្រុះជាតិហ្វ័រម៉ាត ចេញពីក្នុងឈាម។

ដូច្នេះ ប្រសិនបើលោកអ្នកមានរោគសញ្ញាដូចខាងលើ សូមមកពិគ្រោះ និងទទួលការព្យាបាល ជាមួយក្រុមគ្រូពេទ្យឯកទេស ដើម្បីជៀសវាងការបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕

from: https://tnaot.com/km/m/detail/article/9368592