ខេត្តកំពង់ធំ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបានឡើងធ្វើលើដំបូលផ្ទះ តែជាអកុសលធ្វើឱ្យបុរសរងគ្រោះបានធ្លាក់ចុះមកក្រោមវិញ បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង២និង ៣០នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២០ ស្ថិតនៅភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
សពជនរងគ្រោះខាងលើមានឈ្មោះ លាង អ៊ន ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរជាមេជាង រស់នៅភូមិទ្រៀល ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ បើស្ដាប់តាមការរៀបរាប់សម្ដីម្ចាស់ផ្ទះ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានរៀបរាប់ប្រាប់ឱ្យដឹងថា ជនរងគ្រោះជាមនុស្សញៀនស្រាផឹកស្រវឹងជាប្រចាំ។
មុនពេលកើតហេតុ គឺជនរងគ្រោះបានផឹកស្រា រួចក៏បានឡើងធ្វើផ្ទះឲ្យពួកគាត់ដែលមានដំបូលកម្ពស់៦ម៉ែត្រ ។ ហើយនៅពេលដែលឃើញជនរងគ្រោះមានសភាពស្រវឹងស្រានោះ ពួកកូនជាង និងខាងម្ចាស់ផ្ទះបានប្រាប់គាត់ថា «បើស្រវឹងស្រាហើយ កុំឡើងលើដំបូលផ្ទះអី ខ្លាចគ្រោះថ្នាក់» ប៉ុន្តែជនរងគ្រោះរូបនេះចចេសមិនស្ដាប់គេទេ នៅពេលឡើងទៅដល់លើដំបូលហើយ ក៏ស្រាប់តែបានធ្លាក់ពីលើដំបូលចុះមកក្រោមវិញ បណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗនៅទីកន្លែងកើតហេតុតែម្តង។ ក្រោយមកសមត្ថកិច្ចជំនាញក៏បានធ្វើកំណត់ហេតុ រួចប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ត្នោត