នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានចាត់មន្ត្រី និងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ចុះចែករបាំងប្លាស្ទិកចំនួន២៥០០របាំង ជូនដល់បងប្អូនអាជីវករក្នុងក្រុងសៀមរាប ដោយឥតគិតថ្លៃ ហើយកន្លងមកលោក ទៀ សីហា អភិបាលខេត្ត ក៏បានធ្វើការផ្សព្វផ្សាយ និងជំរុញដល់ប្រតិបត្តិការទេសចរណ៍ ដែលបានធ្វើបដិសណ្ឋារកិច្ចភ្ញៀវទេសចរលើគ្រប់សេវាកម្មក្នុងខេត្ត អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ១៩ បានចំនួនពីរលើកមកហើយ។
ជាមួយនឹងការចុះចែកនេះ បងប្អូនអាជីវករ ក៏បានផ្តាំផ្ញើសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគិតគូរបស់ថ្នាក់ដឹកនាំ ជាពិសេសលោក ទៀ សីហា អភិបាលនៃគណៈអភិបាលដែលតែងតែគិតគូពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាជីវភាពប្រជាពលរដ្ឋក្នុងខេត្តផងដែរ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត ក៏ដូចជាក្រុមការងារសូមស្នើដល់បងប្អូនដែលអញ្ជើញចូលរួមទាំងអស់បន្តសហការជាមួយក្រុមការងារ ក៏ដូចជាចូលរួមអនុវត្តតាមគោលការ ណែនាំរបស់ក្រសួងសុខាភិបាល និងសូមកុំភ្លេច និងត្រូវចងចាំនូវ៣ចំណុច ដូចខាងក្រោម ដើម្បីការពារ និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ៖
១-កុំភ្លេច ត្រៀមម៉ាស់ ឬក្រម៉ា ។
២- កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ)។
៣-កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព