រាជធានីភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់នារសៀលថ្ងៃទី១៨ ខែសីហា នេះថា មានករណីជនជាតិវៀតណាមដែលជាស្ត្រីអាយុ៣៧ឆ្នាំ និងកូនប្រុសអាយុ១៣ឆ្នាំ បានលួចចេញពីការធ្វើចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យបង្អែកព្រះស្តេចមកខេត្តកំពង់ឆ្នាំង ពិតប្រាកដមែន។ លោកស្រីបានបន្តថា ស្ត្រីជនជាតិវៀតណាមរូបនេះ ជាអ្នករស់នៅនៅភូមិប្រាសាទ(ភូមិថ្មី) ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានចាកចេញពីកម្ពុជា មុនពេលចូលឆ្នាំខ្មែរទៅរស់នៅទល់ដែន កម្ពុជា-វៀតណាម ឌិញបា(តាមគាត់ប្រាប់) ហើយដោយសារមិនអាចរកស៊ីបាននៅទីនោះ គាត់ក៏បានត្រឡប់ មកកម្ពុជាវិញនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។
នៅវេលាម៉ោងប្រហែលជា០៥ព្រឹក ពេលចូលដល់កម្ពុជា គាត់ និងកូនគាត់ ត្រូវបានក្រុមការងារនៅមាត់ច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី ធ្វើការត្រួតពិនិត្យសុខភាព ដែលមិនមានរោគសញ្ញា ឬបញ្ហាសុខភាពណាមួយដែលគួរឲ្យកត់សម្គាល់នោះឡើយ។ ដោយអនុវត្តវិធានការ សុខាភិបាល ក្រុមគ្រូពេទ្យបានដឹកស្ត្រី និងកូននេះ តាមរថយន្តពេទ្យ មកធ្វើចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យបង្អែក ព្រះស្តេច នៃខេត្តព្រៃវែង។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា នៅម៉ោងប្រហែលជា ០០:៣០នាទី នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យបានទៅពិនិត្យមើលស្ថានភាពរបស់គាត់ ឃើញមានសភាពធម្មតា ហើយនៅម៉ោង០៥:៣០នាទីព្រឹក ក្រុមគ្រូពេទ្យបានទៅពិនិត្យម្តងទៀត តែមិនឃើញស្ត្រីរូបនេះ និងកូនគាត់នៅក្នុងបន្ទប់ឡើយ។ ដូច្នេះស្ត្រីជនជាតិវៀតណាមរូបនេះ បានសម្រេចចិត្តនាំកូនចាកចេញពី មន្ទីរពេទ្យនេះ តាំងពីមុនម៉ោង០៥:៣០ព្រឹក នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ដោយមិនប្រាប់ក្រុមគ្រូពេទ្យ យាមប្រចាំការនៅក្នុងមន្ទីរពេទ្យនេះឡើយ។ បើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដែលទទួលបាននៅវេលាម៉ោង១៨:០០នាទីនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញថា ស្ត្រី និងកូនប្រុសខាងលើ បានចាកចេញពីមន្ទីរពេទ្យព្រះស្តេចនៃខេត្តព្រៃវែង នៅវេលាម៉ោងប្រហែលជាជិត០៥ព្រឹក នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ រួចបានឡើងឡានក្រុងមករាជធានីភ្នំពេញ និងប្រហែលជាម៉ោងជាង០៨ព្រឹក បានបន្តដំណើរដោយរថយន្តឈ្នួលមកខេត្តកំពង់ឆ្នាំង មកដល់ក្បាលថ្នល់សែបម៉ោងប្រហែលជាង ១០ព្រឹកនាថ្ងៃដដែល និងបានបន្តទៅភូមិប្រាសាទដែលជាទីកន្លែងដែលគាត់រស់នៅដោយម៉ូតូឌុប។ ស្ត្រីរូបនេះក៏បានអះអាងផងដែរថា នៅផ្ទះរបស់គាត់ៗមិនបានជួបជាមួយបងប្អូនគាត់ទេ ដោយរូបគាត់ និងកូនប្រុស ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកកំពង់ត្រឡាចនៃខេត្តកំពង់ឆ្នាំង ដឹកមកដល់មណ្ឌលចត្តាឡីស័ក កម្រិត២សាលាគំរូក្រុង ប្រហែលម៉ោង១៧:៣០នាទី នាថ្ងៃដដែល។ ក្រុមការងារបានពិនិត្យកម្ដៅគាត់ និងកូនគាត់ ឃើញធម្មតា គ្មានសញ្ញាក្អក ឈឺក ឬហត់ ដែលគួរឲ្យចាប់អារម្មណ៍នោះឡើយ។ ក្រុមការងារនៃមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង ក៏បានអប់រំ និងណែនាំពន្យល់ស្ត្រីរូបនេះ ក្នុងការអនុវត្តធ្វើចត្តាឡីស័កឲ្យគ្រប់ចំនួន១៤ថ្ងៃ ដោយរាប់សារឡើងវិញ និងដោយមានការសន្យាថាមិនរត់ទៀតទេ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព