(ប៉េកាំង)៖ អាកាសយានដ្ឋានអន្តរជាតិថ្មីឈ្មោះ Daxing ប្រចាំនៅរដ្ឋធានីប៉េកាំងប្រទេសចិនបានចាប់ផ្តើមទទួលជើងហោះហើរដឹកទំនិញ ជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ នេះតែម្តង ចាប់តាំងពីការបើកដំណើរការជាផ្លូវការកាលពីខែកញ្ញា ឆ្នាំ២០១៩។
ជើងហោះហើរដឹកទំនិញដំបូង B757-200 នៃអាកាសចរណ៍ SF Express ដ៏ធំមួយរបស់ប្រទេសចិន បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Daxing នៅព្រឹកថ្ងៃព្រហស្បតិ៍ដោយដឹកពេញដោយផ្លែយ៉ាម៉ីស្រស់ (fresh waxberries) ដែលមានប្រភពមកពីទីក្រុងហាងចូវ (Hangzhou) នៃខេត្តជែជាំង (Zhejiang) ភាគខាងកើតប្រទេសចិន។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ Daxing មានរូបរាងដូចជាផ្កាយសមុទ្រ ត្រូវបានបង្កើតគម្រោងសាងសង់ឡើងកាលពីឆ្នាំ២០០៨ និងបើកដំណើរការជាផ្លូវការនៅឆ្នាំ២០១៩ ក្រោយបញ្ចប់ការសាងសង់ ៥ឆ្នាំដោយចំណាយទឹកប្រាក់ជាង ១១ពាន់លានដុល្លារអាមេរិក។ ក្រៅពីការទទួលអ្នកដំណើរជាប្រចាំ Daxing ក៏មានបញ្ជរសម្រាប់យន្តហោះដឹកទំនិញចូលចតចំនួន ២៤កន្លែងផងដែរ៕
ប្រែសម្រួលដោយ៖ ពិសិទ្ធិ
ប្រភព៖ Xinhua