ការរអិលបាក់ដី ព្យុះព្រិល រថយន្តដឹកទំនិញសំពីងសំពោង អ្នកអាចស្រមៃមើលថា តើនឹងជួបប្រទះរឿងអ្វីខ្លះកើតឡើង នៅពេលធ្វើចរាចរណ៍លើដងផ្លូវទាំង៩ ដែលគួរឱ្យខ្លាចទាំងនេះ?
១. ផ្លូវល្បឿនលឿន Bayburt D915 ប្រទេសទួរគី
ជាយូរមកហើយ វាត្រូវបានគេចាត់ទុកថា ជាផ្លូវដែលមានគ្រោះថ្នាក់បំផុតនៅលើពិភពលោក ។ ផ្លូវហាយវេ Bayburt D915 នេះស្ថិតនៅក្នុងប្រទេសតួកគី បានសាងសង់ឡើងដោយកងកម្លាំងទាហានរុស្ស៊ី នៅឆ្នាំ១៩១៦ ស្ថិតនៅម្ខាងនៃភ្នំ សូហ្គានលី (Soganli) ។ ផ្លូវនេះមានប្រវែងសរុប ១៧៩ គីឡូម៉ែត្រ ។
២. ផ្លូវល្បឿនលឿន ស៊ីឈួន – ទីបេ ប្រទេសចិន
ផ្លូវនេះ ប្រវែង២០០០គីឡូម៉ែត្រ តភ្ជាប់ពីរដ្ឋធានី ឆេងឌូ (Chengdu) ខេត្តស៊ីឈួន (Sichuan) រហូតទៅដល់ទីក្រុង ឡាសា (Lhasa) តំបន់ស្វយ័តទីបេ ។ ផ្លូវល្បឿនលឿននេះប្រកាសដំណើរការផ្លូវការនៅក្នុងឆ្នាំ១៩៥៤ ។ ការសាងសង់ផ្លូវនេះមានការពត់ពេន បត់បែន កោងជាខ្លាំង ហើយគេបានជឿជាក់ថា កម្មករសាងសង់ផ្លូវនេះប្រហែល១០០០នាក់បានបាត់បង់ជីវិត ។
៣. ផ្លូវ North Yungas ប្រទេសបូលីវី
ផ្លូវនេះឈ្មោះក្រៅហៅថា «ផ្លូវមរណៈ» ។ វាស្ថាបនាឡើងក្នុងឆ្នាំ១៩៣០ ដោយក្រុមអ្នកទោសប៉ារ៉ាហ្គៃ នៃសង្គ្រាម ឆាកូ (Chaco) ។ ផ្លូវនេះប្រវែង៤ ០០០គីឡូម៉ែត្រ តភ្ជាប់ពីទីក្រុង ឡូស យ៉ុនហ្គាស ( Los Yungas) ជាមួយទីក្រុង ឡាប៉ាស (La Paz)របស់ប្រទេស បូលីវី ។ ផ្លូវនេះមានកម្ពស់រហូតដល់ ៤ ០០០ម៉ែត្រ ។ ជារៀងរាល់ឆ្នាំ គ្រោះថ្នាក់កើតឡើងនៅតាមផ្លូវនេះ ឆក់យកជីវិតមនុស្សប្រហែល៣០០នាក់ ។
៤. ផ្លូវរូងក្រោមដី ហ្គូលៀន (Guoliang) ប្រទេសចិន
ជាប់នឹងកំពូលភ្នំ តាយហាំង (Taihang) ក្នុងខេត្ត ហ៊ីណាន (Henan) ប្រទេសចិន ផ្លូវរូងក្រោមដីដ៏គួរឱ្យស្រៀវនេះ ត្រូវបានឆ្លាក់ចេញពីផ្នែកម្ខាងនៃច្រាំងថ្មដ៏ចំណោត ដោយក្រុមបុរសក្នុងស្រុកចំនួន ១៣ នាក់ ក្នុងចន្លោះពីឆ្នាំ១៩៧២ និងឆ្នាំ១៩៧៧ ។ ផ្លូវរូងក្រោមដីនេះមានចម្ងាយ ១,២ គីឡូម៉ែត្រ ទទឹងតែ៤ម៉ែត្រប៉ុណ្ណោះ ។ ផ្លូវនេះធ្វើឡើងនៅក្នុងដំណាក់កាលដ៏លំបាកបំផុត នៃការធ្វើសំណង់របស់អ្នកភូមិ ។ ពួកគេប្រដាប់ដោយញញួរ និងពន្លាកប៉ុណ្ណោះ នៅក្នុងការឆ្លាក់ និងដាបថ្មធ្វើផ្លូវរូងក្រោមដីនេះ។
៥. ផ្លូវហាយវេ ‘មិត្តភាព’ ការ៉ាកូរ៉ាម (Karakoram)ចិន – ប៉ាគីស្ថាន
ជាមួយនឹងកម្ពស់ ៤ ៧១៤ ម៉ែត្រ ផ្លូវហាយវេ ការ៉ាកូរ៉ាម (Karakoram)គឺជាផ្លូវក្រាលថ្មខ្ពស់បំផុតនៅលើភពផែនដី ហើយត្រូវបានគេហៅថា ជា ‘អច្ឆរិយៈទី ៨ នៃពិភពលោក’ ។ ការស្ថាបនាបានចាប់ផ្តើមនៅឆ្នាំ ១៩៥៩ ហើយផ្លូវហាយវ៉េនេះ បានបើកសម្ពោធជាសាធារណៈក្នុងឆ្នាំ១៩៧៩ ។ អាកាសធាតុរដូវរងារដ៏ជូរចត់ និងភ្លៀងមូសុងខ្លាំងនៅរដូវក្តៅ បង្កឱ្យមានស្ថានភាពគ្រោះថ្នាក់ខ្លាំងណាស់ ។ ជាការពិតកម្មករប៉ាគីស្ថាន និងចិនជាង ៨០០ នាក់បានបាត់បង់ជីវិតក្នុងកំឡុងពេលសាងសង់ផ្លូវនេះ ភាគច្រើនដោយសារតែការបាក់ដី និងថ្មធ្លាក់សង្កត់ ។
៦. ផ្លូវ ហ្សូជីឡា (Zoji La) ឆ្លងកាត់ប្រទេសឥណ្ឌា
ស្ថិតនៅទីតាំងដ៏ល្អមួយ ជាមួយអាងទឹក Drass នៅម្ខាង និងអាង កាស្មៀរ នៅម្ខាងទៀត ផ្លូវហ្សូជីឡា (Zoji La) ឬដែលគេស្គាល់ថា ជាហ្សូហ្សីឡា Zozilaនោះ បានបិទអស់រយៈពេលកន្លះឆ្នាំ ដោយសារការធ្លាក់ព្រិលខ្លាំង ។ គេត្រូវការពេលយ៉ាងយូរខែទម្រាំបោសសំអាតព្រិលទាំងនោះចេញពីផ្លូវបាន ។ ដូច្នេះហើយ ទើបផ្លូវនេះ អាចបើកចរាចរណ៍បានវិញ តែនៅចុងនិទាឃរដូវ ។
ផ្លូវនេះលាតសន្ធឹងប្រហែល៩គីឡូម៉ែត្រ និងកម្ពស់ ៣.៥២៨ ម៉ែត្រ ពីលើកម្រិតទឹកសមុទ្រ ។ ផ្លូវនេះមានលក្ខណៈតូចចង្អៀត គឺនៅផ្នែកខ្លះ ។ ផ្នែកខ្លះទៀតកខ្វក់ ហើយចំណុចខ្លះអាចនឹងពុំមានខ្យល់អុកស៊ីសែន ។
៧. ផ្លូវហាយវ៉េ ហាណា (Hana) នៅហាវ៉ៃ
មិនមែនអ្វីគ្រប់យ៉ាងនៅហាវ៉ៃ គឺសុទ្ធតែអស្ចារ្យនោះទេ ។ ក្រឡេកទៅមើលផ្លូវមួយខ្សែនេះចុះ វាមានសភាពអាក្រក់បំផុតនៅលើផែនដីនេះ ។ ផ្លូវហាយវ៉េ ហាណា (Hana)មួយនេះ តភ្ជាប់ពីតំបន់ Kahului ជាមួយទីក្រុង Hana របស់ហាវ៉ៃ ផ្លូវនេះមានចម្ងាយតែ៨០គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែអាចចំណាយពេលរហូតដល់៣ម៉ោងនៅក្នុងបើកបរឆ្លងកាត់ ។
ផ្លូវនេះមានលក្ខណៈចង្អៀត ក្រវិចក្រវៀន ដូចពោះវៀនមនុស្ស ។ វាមានផ្លូវកោងខ្វាត់ខ្វែងយ៉ាងតិច៦២០កន្លែង និងមានស្ពានសរុប៥៩កន្លែង ផងដែរ នៅលើផ្លូវតែមួយនេះ ។ ស្ពានទាំងនោះទៀតសោត ស្ពានខ្លះមានអាយុកាលតាំងពីឆ្នាំ១៩១០ ។ គេសង្ឃឹមថា ស្ពានទាំងនោះបន្តស្ថិតនៅមួយសតវត្សទៅមុខទៀត។
៨. ផ្លូវ Skippers Canyon នៅញូវហ្សេឡែន
មានទីតាំងនៅតំបន់ភ្នំ Mount Aurum រដ្ឋ South Island របស់ប្រទេសញូវហ្សេឡែន ផ្លូវមួយខ្សែនេះមានប្រវែង ២៥ គីឡូម៉ែត្រ ។ វាស្ថាបនាឡើងដោយដៃក្នុងកំឡុងពាក់កណ្តាលសតវត្សរ៍ទី១៩ ។ ផ្លូវក្រួសតូចចង្អៀតមួយនេះ ស្ថិតនៅតាមច្រាំងថ្មចោទ និងប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ផងដែរ បើមានការធ្វេសប្រហែស ។
៩. ផ្លូវហាយវ៉េ Los Caracoles Pass ប្រទេសឈីលី
ផ្លូវនេះមានលក្ខណៈកោង និងបត់បែនខ្លាំង ដូចទៅនឹងសត្វពស់វារដូច្នោះដែរ ។ ផ្លូវនេះតែងគ្របដណ្តប់ដោយការធ្លាក់ព្រិលខ្លាំង ហើយក្នុងមួយឆ្នាំៗ ការបើកដំណើរការមានរយៈពេលខ្លីប៉ុណ្ណោះ ៕ ប្រែសម្រួលដោយ៖ thach yat