រដ្ឋាភិបាលថៃបានផ្អាកបម្រាមគោចរនៅពេលយប់ ហើយអនុញ្ញាតឱ្យអាជីវកម្មភាគច្រើនបន្តឡើងវិញលើកលែងតែកន្លែងកម្សាន្ត និងហាងម៉ាស្សា។ នេះ បើយោងតាមកិច្ចប្រជុំរបស់គណៈកម្មាធិការមួយដែលស្ថិតនៅក្រោមមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពមេរោគកូវីដ-១៩ (CCSA) ។
នៅក្នុងកិច្ចប្រជុំនេះ រួមមាន លោកវេជ្ជបណ្ឌិត Sukum Kanchanapimai លេខាធិការអចិន្រ្តៃយ៍ផ្នែកសុខាភិបាល លោកវេជ្ជបណ្ឌិត Suwannachai Wattanayingcharoenchai អគ្គនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង លោក Chatchai Phromlert អគ្គលេខាធិការអចិន្ត្រៃយ៍ក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ Somsak Roongsita អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិ និងជាប្រធានគណៈកម្មាធិការរឹតបន្តឹង-បន្ធូរបន្ថយជំនួញ។ តាមប្រភពបានឱ្យដឹងថា នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធចាន់អូចា បានយល់ព្រមផ្អាកបម្រាមគោចរនៅពេលយប់ដើម្បីឱ្យប្រជាជនអាចវិលត្រឡប់ទៅប្រកបអាជីវកម្មវិញបានជាធម្មតា។ អាជីវកម្មស្ទើរតែទាំងអស់ត្រូវបានអនុញ្ញាតឱ្យបន្តឡើងវិញលើកលែងតែហាងស្រា បារ ខារ៉ាអូខេ និងហាងម៉ាស្សា-សូណា។
រូបតំណាង
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កន្លងមកប្រជាជនទាំងអស់បានចូលរួមសហការក្នុងការគោរពវិធានការដែលចេញដោយរដ្ឋាភិបាលចំពោះការបិទអាជីវកម្មមួយចំនួន ហើយពេលនេះលោកបានអនុម័តឱ្យអាជីវកម្មមួយចំនួនធំបានដំណើរការវិញហើយ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok post