លោកមហាសេដ្ឋីចាក ដរស៊ី (Jack Dorsey) ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនធំៗពីរគឺ Twitter និង Square ប្រចាំសហរដ្ឋអាមេរិកពិតមែន ប៉ុន្តែលោកមិនគិតថាលោកត្រូវតែធ្វើការរាប់ម៉ោងក្នុងមួយថ្ងៃរហូតមិនមានពេលសម្រាកទេ។
ក្នុងបទសម្ភាសន៍មួយ លោកបានទទួលសំណួរទាក់ទិនពីទស្សនៈរបស់លោកទៅលើការខិតខំប្រឹងប្រែងធ្វើការងារក្នុងចំណោមសហគ្រិនវ័យក្មេង។ លោកដរស៊ីបានចែករំលែកមកថា គន្លឹះក្នុងការជៀសវាងការនឿយហត់ពីការធ្វើការមិនឈប់ឈរគឺការស្វែងរកទម្លាប់ធ្វើការដែលស័ក្តិសមនឹងអ្នក មិនមែនធ្វើតាមសហគ្រិនដែលជោគជ័យដទៃទេ។
លោកបានទទួលស្គាល់ថាវាពិតជាពិបាកក្នុងការជៀសវាងសម្ពាធដែលបានពីមើលឃើញភាពជោគជ័យរបស់អ្នកដទៃពិតមែន ប៉ុន្តែអ្វីដែលសំខាន់គឺការយល់ដឹងពីខ្លួនឯង និងពិនិត្យមើលពីអារម្មណ៍របស់ខ្លួនឯងផងដែរ។
ផ្ទុយមកវិញ ការធ្វើការមិនចេះឈប់អាចលុបបំបាត់នូវជម្រើសល្អៗសម្រាប់អ្នកទៅវិញព្រោះអ្នកព្យាយាមធ្វើការពេករហូតដល់អ្នកមិនអាចមើលឃើញនូវឱកាសផ្សេងៗដែលអាចជួយឲ្យអ្នកជោគជ័យបាន។
លោកផ្តល់យោបល់ឲ្យសហគ្រិនថ្លឹងថ្លែងរវាងការធ្វើការច្រើនម៉ោង និងការធ្វើការលើអ្វីដែលអាចបង្រៀននូវជំនាញ និងផ្តល់នូវបទពិសោធន៍ល្អៗដល់ពួកគេ។
លោកមិនផ្តល់យោបល់ឲ្យសហគ្រិនថ្មីៗធ្វើតាមមហាសេដ្ឋីដែលជោគជ័យដូចជាលោកអ៊ីឡុន ម៉ាស (Elon Musk) របស់ Tesla និង SpaceX ដែលធ្លាប់ធ្វើការមួយថ្ងៃ ២០ ម៉ោងជារៀងរាល់ថ្ងៃទេ។ ជាក់ស្តែង សូម្បីតែលោកម៉ាស ក៏ធ្លាប់បានចែករំលែកមកថាលោកបានប្តូរមកធ្វើការមួយសប្តាហ៍ប្រមាណពី ៨០ ទៅ ៩០ម៉ោងវិញដែរ។
ក្រៅពីនេះទៅទៀត ការធ្វើការច្រើនម៉ោងពេកអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់មនុស្សថែមទៀត។ ការសិក្សារបស់ មជ្ឈមណ្ឌលគ្រប់គ្រង និងជៀសវាងជម្ងឺបានប្រទះឃើញថា ការធ្វើការច្រើនម៉ោងអាចបង្កឲ្យមានជំងឺបេះដូង មហារីក និងនាំឲ្យមានការធ្វើអត្តឃាតថែមទៀត៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព