ខេត្តកំពងស្ពឺ គឺជាតំបន់ខ្ពង់រាប ដែលសម្បូរទៅដោយព្រៃភ្នំ។ យ៉ាងហោចណាស់ក្នុងមួយថ្ងៃ មានភ្ញៀវទេសចរណ៍ប្រមាណ ៧០០ ទៅ១០០០នាក់ បានចូលមកលេងកម្សាន្ត នៅរមណីយដ្ឋានទំាង១០កន្លែង ក្នុងខេត្តកំពង់ស្ពឺ។ ក្នុងចំណោមរម្យនីដ្ឋានទាំង១០កន្លែងនេះ មាន៣កន្លែង ភាពទាក់ទាញខ្លាំងជាងគេ។
លោក សៅ សារ៉ន់ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា រមណីយដ្ឋាននៅក្នុងខេត្តកំពង់ស្ពឺ មានជាង១០កន្លែង ដែលមានភាពទាក់ទាញ ហើយក្នុងចំណោមរមណីយដ្ឋានទាំងអស់នោះ មានរមណីយដ្ឋាន៣កន្លែង ដែលមានភ្ញៀវជាតិនិងអន្តរជាតិទៅលេងច្រើនជាងគេគឺ៖ ឧទ្យានជាតិគីរីរម្យ ភ្នំខ្នងផ្សារ និងភ្នំខ្នងឱរ៉ាល់។ “ដែលមានភ្ញៀវជាតិប្រមាណជាង៧០០នាក់ទៅ១០០០នាក់ក្នុងមួយថ្ងៃស្មើនឹង ៨៥%-៩៥%ដែលទៅទស្សនា និងផ្សងព្រេង តាមតំបន់ទេសចរក្នុងខេត្តនេះ”។
កន្លងមកនេះ ខេត្តកំពង់ស្ពឺ គឺជាទឹកដីសម្បូរ ដោយសម្បត្តិធនធានធម្មជាតិ ដែលនៅមិនឆ្ងាយពីរាជធានីភ្នំពេញ ប៉ុន្ដែភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហាក់មើលរំលង ដោយសារតែខេត្តនេះ មិនទាន់រៀបចំអភិ វឌ្ឍន៍តំបន់រមណីយដ្ឋាន ដែលមានស្រាប់ ឲ្យក្លាយជាតំបន់ទាក់ទាញនៅឡើយ។
ទោះជាយ៉ាងនេះក្ដី អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងធ្វើការអភិវឌ្ឍន៍។ ”ជាក់ស្តែងបើតាមបណ្តាខេត្តមួយចំនួន ដែលជាតំបន់ទេសចរណ៍ មានអ្នកទៅទស្សនាច្រើនទាំងភ្ញៀវជាតិនិងអន្តរជាតិ រកតែកន្លែងស្នាក់នៅមិនចង់នឹងមានផង ក្នុងឱកាសថ្ងៃឈប់សម្រាកចូលឆ្នាំនេះ”។
យ៉ាងណាក៏ដោយ អាជ្ញាធរខេត្តនៅតែសំណូមពរដល់អ្នកលក់ម្ហូបអាហារ និងអ្នកប្រកបអាជីវកម្មតាមភោជនីដ្ឋាន កុំដំឡើងថ្លៃម្ហូបអាហារ ឬក៏សេវាកម្មផ្សេង ដែលជាហេតុនាំឱ្យមានប៉ះពាល់ ដល់កំណើនភ្ញៀវទេសចរ ហើយអ្វីដែលពិសេសនោះ គឺការថែរក្សាអនាម័យ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕ ដោយ៖ ត្នោត