ករណីឆ្លងកូវីដ១៩ នៅលើពិភពលោក កើនឡើងយ៉ាងឆាប់រហ័ស ហើយរហូតមកដល់ព្រឹកថ្ងៃទី១១ ខែមិថុនា មានករណីឆ្លងសរុបដល់ទៅ ៧ ៤៥១ ៥៣២ នាក់ ក្នុងនោះមានអ្នកឆ្លងថ្មី ក្នុងរយៈពេល២៤ ម៉ោង កើនដល់ ១៣៣ ០២៥ ។ ចំណែកអ្នកស្លាប់វិញ មាន ៤១៨ ១២៣ នាក់ ក្នុងនោះមានអ្នកស្លាប់ថ្មី ៥១៥១ នាក់។
បើទោះបីមានអ្នកឆ្លងច្រើនក្តី ប៉ុន្តែប្រទេសជាសមាជិកសហគមន៍អឺរ៉ុបទាំង២៧ បានព្រមព្រៀងគ្នា លើគម្រោងបើកព្រំដែនជាមួយបណ្តាប្រទេសក្រៅពីសហគមន៍។
នៅថ្ងៃទី១០ ខែមិថុនា តំណាងជាន់ខ្ពស់របស់សហគមន៍អឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស លោក Josep Borrell បានបញ្ជាក់ថា គណៈកម្មការអឺរ៉ុប EC នឹងស្នើដល់បណ្តាប្រទេសជាសមាជិក ចាប់ផ្តើមបើកទ្វារជាមួយប្រទេសខាងក្រៅ ចាប់ពីថ្ងៃទី១ ខែកក្កដា។ លោកបន្តទៀតថា ការបើកព្រំដែនធ្វើឡើង តាមដំណាក់កាល ។
បណ្តាប្រទេសសហគមន៍អឺរ៉ុប បានចាប់ផ្តើមកាត់បន្ថយការរឹតត្បិត និងបើកព្រំដែនសម្រាប់ប្រទេសក្នុងតំបន់ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ខាងមុខ ដើម្បីដំណើរការវិស័យទេសចរណ៍ឡើងវិញ។ ពលរដ្ឋនៅក្នុងតំបន់ធ្វើដំណើរឆ្លងដែន ដោយមិនចាំបាច់ នៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃឡើយ។
កាលពីចុងសប្តាហ៍កន្លងមក បណ្តារដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសទាំង ២៧ ក្នុងសហគមន៍ បានព្រមព្រៀងគ្នា បើកព្រំដែនដល់ប្រទេសក្នុងតំបន់ផងដែរ។ នៅថ្ងៃទី១៦ អូទ្រីសក៏នឹងបើកព្រំដែនជាមួយអ៊ីតាលី ដែលជាប្រទេសមានកណីឆ្លងកូវីដ១៩ច្រើន។ ក្រៅពីនេះ ប្រទេសអូទ្រីសក៏បានអនុញ្ញាតឲ្យប្រទេសចំនួន៣១ផ្សេងទៀត ភាគច្រើនក្នុងតំបន់អឺរ៉ុប មិនចាំបាច់ផ្តាច់ខ្លួននោះឡើយ៕