អ្នកស្រី ជូ ឃិនហ្វៃ (Zhou Qunfei) ដែលជាមហាសេដ្ឋីជនជាតិចិន ព្រមទាំងជាស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោកដែលបានកសាងទ្រព្យសម្បត្តិពីបាតដៃទទេ បើយោងទៅតាមទស្សនាវដ្តី Forbes។ អ្នកស្រីបានចែករំលែននូវចំណុចមួយដែលបាននាំយកភាពជោគជ័យដល់អ្នកស្រី នោះគឺ ការពុះពារតស៊ូ។
អ្នកស្រីជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Lens Technology ដែលផលិតកញ្ចក់សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Tesla Apple និង Samsung ជាដើម។ ប៉ុន្តែខ្សែជីវិតរបស់អ្នកស្រីមិនងាយស្រួលដូចមហាសេដ្ឋីដទៃទៀតទេ។ អ្នកស្រីធ្លាប់បានប្រាប់ដល់ CNBC Make It កាលពីឆ្នាំ ២០១៩ កន្លងមកថា “ខ្ញុំបានជួបប្រទះនូវផលលំបាក និងការបរាជ័យជាច្រើនក្នុងនាមជាសហគ្រិនមួយរូប។ ប្រសិនបើពេលនោះខ្ញុំបានបោះបង់ចោល នោះពិភពលោកនេះប្រហែលជាមិនមានជូ ឃិនហ្វៃ ឬ Lens Technologyឡើយ។” ឪពុករបស់អ្នកស្រីជូជាសិប្បករមួយរូបដែលបានពិការភ្នែក ព្រមទាំងបាត់បង់ម្រាមដៃមួយថែមទៀតពេលដែលលោកធ្វើការក្នុងរោងចក្រមួយ ខណៈដែលម្តាយរបស់អ្នកស្រីបានទទួលមរណភាពតាំងពីពេលអ្នកស្រីមានអាយុ ៥ឆ្នាំ។ អ្នកស្រីបាននិយាយថា “ខ្ញុំតែងតែគិតពីម្ហូបអាហារបន្ទាប់របស់ខ្ញុំ និងវិធីធ្វើម៉េចឲ្យបានអាហារទាំងនោះមានលើតុ។នៅអាយុ ១៦ ឆ្នាំ អ្នកស្រីបានសម្រេចចិត្តឈប់រៀន និងចេញទៅធ្វើការជាពលករក្នុងរោងចក្រកញ្ចក់នាឡិកាមួយ។ ពេលនោះអ្នកស្រីរៀនគណនេយ្យពេលយប់ និងមានក្តីសុបិនចង់ចាប់ផ្តើមអាជីវកម្មមួយដោយខ្លួនឯង។
នៅឆ្នាំ ១៩៩៣ អ្នកស្រីសន្សំលុយបានប្រមាណ២,៥០០ដុល្លារដើម្បីបង្កើតក្រុមហ៊ុនជួសជុលកញ្ចក់នាឡិកា។ អ្នកស្រី ព្រមទាំងសមាជិកគ្រួសារ ៧នាក់ទៀតបានធ្វើការ និងរស់នៅជាមួយគ្នាក្នុងអាផាតមិនតូចមួយអស់ ៤ឆ្នាំ មុននឹងអ្នកស្រីមានសមត្ថភាពសាងសង់រោងចក្រផលិតកញ្ចក់នាឡិកាមួយនៅរយៈពេលប្រមាណ១០ឆ្នាំក្រោយមក។
ពេលដែលដៃគូប្រកួតប្រជែងរបស់អ្នកស្រីរួមដៃជាមួយនឹងអ្នកផ្គត់ផ្គង់ដើម្បីធ្វើឲ្យអ្នកស្រីបរាជ័យ អ្នកស្រីបានលក់ផ្ទះ និងទ្រព្យសម្បត្តិដទៃដើម្បីព្យាយាមបញ្ចុះបញ្ចូលអ្នកផ្គត់ផ្គង់ តែវាមិនគ្រប់គ្រាន់ឡើយ។ ជាលទ្ធផល អ្នកស្រីស្ទើរតែធ្វើអត្តឃាតខ្លួន មុននឹងសម្រេចចិត្តថាតស៊ូបន្តពេលដែលទទួលទូរស័ព្ទពីកូនស្រី។ អ្នកស្រីបានឆ្លងផុតឧបសគ្គនោះដោយស្នើទៅក្រុមហ៊ុន Motorola ឲ្យជួយ និងបានបន្តស្ថាបនាក្រុមហ៊ុនរហូតមកដល់សព្វថ្ងៃ។ អ្នកស្រីបានចែករំលែកថា “មនុស្សជាច្រើននឹងជួបនូវពេលដែលពួកគេបាត់បង់ជំនឿចិត្តលើខ្លួនឯងពេលដែលបរាជ័យ ប៉ុន្តែកត្តាដែលនាំយកភាពជោគជ័យគឺការពុះពារតស៊ូ ជាពិសេសក្នុងពេលដែលលំបាក។” “ព្រោះពេលដែលអ្នកបោះបង់ចោលនៅពាក់កណ្តាលផ្លូវ អ្នកនឹងមិនមានភាពក្លាហានក្នុងការចាប់ផ្តើមសាជាថ្មីឡើងវិញទេ។ មានតែពេលដែលយើងតស៊ូទេ ទើបយើងអាចជោគជ័យបាន។” ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព