លោកទៀ សីហា អភិបាលខេត្តសៀមរាប បានកោះប្រជុំអ្នកពាក់ព័ន្ធ នៅព្រឹកថ្ងៃនេះ ដើម្បីជជែកពីវិធានការសុវត្ថិភាព ទប់ស្កាត់ការចម្លងវិរុសកូវីដ១៩ ពីភ្ញៀវទេសចរណ៍មកពីក្រៅតំបន់។
លោកទៀត សីហា បានឱ្យដឹងថា ការបិទ Pub Street កាលពីថ្ងៃម្សិលមិញ គឺដោយសារចំនួនភ្ញៀវបុកចូលយ៉ាងគំហុក។ “អាជ្ញាធរបានពិនិត្យឃើញស្ថានភាពវាមិនអំណោយផល ក្នុងការគ្រប់គ្រងបង្ការកូវីដ១៩ ដូច្នេះទើបសម្រេចឱ្យបិទបណ្តោះអាសន្ន ដើម្បីទុកលទ្ធភាពឱ្យក្រុមការងារក៏ដូចជាម្ចាស់ហាង នៅក្នុងតំបន់ហ្នឹងគាត់ចាត់ចែងរៀបចំវិធានការបង្ការសារជាថ្មីម្តងទៀត”។
ទាក់ទងនិងបញ្ហានេះ លោកអភិបាល បានបង្ហាញនូវការសោកស្តាយ ចំពោះការប្រកាសបិទតំបន់កម្សាន្តនាពេលរាត្រីមួយនេះ ដែលវាអាចធ្វើឱ្យអាជីវកម្មមួយចំនួន ក្នុងតំបន់រងនូវផលប៉ះពាល់ មិនអាចទទួលបានចំណូល ពីភ្ញៀវទេសចរណ៍នៅក្នុងឱកាសឈប់សងនៃពិធីបុណ្យចូលឆ្នាំខ្មែរ។” ជាការពិតណាស់មានភោជនីដ្ឋានមួយចំនួន គាត់បានរៀបចំហើយ នឹងទើបតែបើកឡើងវិញនៅក្នុងកម្មវិធីសម្រាកនៅសៀមរាបនេះទេ ប៉ុន្តែមានការសោកស្តាយដែរ ដោយសារយប់មិញនេះ យើងឃើញថាមានភ្ញៀវច្រើនពេក”។
មូលហេតុចម្បង ដែលធ្វើឱ្យអាជ្ញាធរខេត្តសៀមរាប ប្រកាសបិទ តំបន់កម្សាន្តនាពេលរាត្រីភ្លាមៗ បែបនេះ គឺដោយសារតែភ្ញៀវទេសចរណ៍ និងភោជនីដ្ឋានមួយចំនួន មិនបានអនុវត្តទៅតាមការណែនាំរប់សក្រសួងសុខាភិបាល ពិសេសគឺប្រជាពលរដ្ឋអាក់ខានមិនពាក់ម៉ាស់ការពារ ដែលវាធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំង។”ឥឡូវនេះយើងកំពុងតែប្រជុំរឿងហ្នឹង ដើម្បីរៀបចំតំបន់ហ្នឹងឡើងវិញ ដោយមានការពាក់ម៉ាស់ និងបាញ់អាល់កុលឡើងវិញ ហើយភោជនីដ្ឋានមួយចំនួន ក៏ត្រូវដកតុចេញខ្លះដើម្បីរក្សាគម្លាត”។
សូមបញ្ជាក់ថា នៅតំបន់កម្សាន្ត Pub Street មានភោជនីដ្ឋានប្រមាណច្រើនជាង៣០កន្លែង ប៉ុន្តែភោជនីដ្ឋានដែលបានបើកឡើងវិញនាពេលនេះ គឺមិនបាន១០០%នោះទេ។
ជុំវិញរឿងនេះ លោកអភិបាលខេត្តសៀមរាបបានបញ្ជាក់ថា ដោយសារម្ចាស់ហាងមានផលលំបាកក្នុងការរៀបចំឡើងវិញ ទាំងការចំណាយ ក៏ដូចជាការប្រមូលយកបុគ្គលិកមកធ្វើការឡើងវិញ ដោយទាមទារឱ្យ មានការចំណាយច្រើន ហើយអំឡុងពេលកូវីដ បានធ្វើឱ្យហាងមួយចំនួនរងផលប៉ះពាល់ រហូតមិនអាចបើកឡើងវិញ ដូច្នេះទើបមានហាងតិចណាស់ ដែលត្រូវបើកឡើងវិញ។ “បើសិនជាមានការឯកភាពគ្នា នៅក្នុងអង្គប្រជុំម៉ោង២រសៀលនេះ ហើយយើងនឹងរៀបចំនូវវិធានការបាន យើងនឹងអាចអនុញ្ញាឱ្យបើកភ្លាមៗ”។
ជាមួយនឹងការរៀបចំបើកBub street ឡើងវិញនេះ គឺមិនអាចអនុញ្ញាតឱ្យមានការបើកកន្លែងឌីស្កូផឹកស៊ីនោះឡើយ គឺ១០០% ជាភោជនីដ្ឋានទាំងអស់។
ជាមួយគ្នាផងដែរ តាមរយៈកិច្ចប្រជុំខាងលើនេះ គ្រប់អ្នកពាក់ព័ន្ធកំពុងទន្ទឹងរង់ចាំ ការឯកភាពទៅលើលក្ខខណ្ឌបង្ការសុវត្ថិភាពទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ ពីក្រុមម្ចាស់ភោជនីដ្ឋាន ដើម្បីអាចរៀបចំ ការបើកតំបន់កម្សាន្ត Pub Street ឡើងវិញនៅក្នុងខេត្តសៀមរាប៕ ដោយ៖ ឃួន លក្ខិណា