(ស៊ុយអែត)៖ ក្រុមរាជអាជ្ញានៅក្នុងប្រទេសស៊ុយអែត បានរកឃើញហើយឃាតក ដែលបានបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីស៊ុយអែត លោក Olof Palme កាលពីឆ្នាំ១៩៨៦ ដោយបិទបញ្ចប់សុំណុំរឿងឃាតកម្មដ៏អាថ៌កំបាំងអស់រយៈពេលជាង៣៤ឆ្នាំមកនេះ។
បើតាមរាជអាជ្ញាស៊ុយអែត ឃាតកសម្លាប់លោក Olof Palme មានឈ្មោះថា Stig Engstrom ជាអ្នកច្នៃម៉ូតម្នាក់ ប៉ុន្តែ បុរសរូបនេះ បានសម្លាប់ខ្លួនឯងតាំងតែពីឆ្នាំ២០០០មកម្ល៉េះ។ ក្រោយការស្លាប់របស់លោក Palme មនុស្សរាប់ពាន់នាក់ត្រូវបានសួរចម្លើយ ហើយក្នុងនោះក៏មាន លោក Stig Engstrom ផងដែរ តែក្រុមអ្នកស៊ើបអង្កេត នៅតែមិនអាចបំបែកសំណុំរឿងនេះបាន រហូតមកដល់បច្ចុប្បន្ន ទើបរាជអាជ្ញាស៊ុយអែត វែកមុខឃាតក ហើយប្រធានរាជអាជ្ញា លោក Krister Petersson ប្រកាសបិទបញ្ចប់សំណុំរឿងឃាតកម្មដ៏អាថ៌កំបាំងនេះ នៅថ្ងៃពុធនេះតែម្ដង។
គួរជម្រាបថា អតីតនាយករដ្ឋមន្ត្រីស៊ុយអែត លោក Olof Palme ត្រូវបានឃាតកបាញ់សម្លាប់កាលពីឆ្នាំ១៩៨៦ នៅពេលដែលលោកដើរចេញពីរោងភាពយន្ដ ត្រឡប់ទៅផ្ទះវិញជាមួយភរិយា ក្នុងទីក្រុង Stockholm។ នៅថ្ងៃនោះដែរ លោកមិនបានឱ្យក្រុមអង្គរក្សតាមការពារឡើយ ហើយឃាតកម្មលើរូបលោកកើតឡើង នៅលើដងផ្លូវដ៏មមាញឹក និងមានមនុស្សរាប់រយនាក់ បានឃើញបុរសម្នាក់បើកការបាញ់ប្រហារ មុននឹងរត់គេចខ្លួនពីកន្លែងកើតហេតុ៕
ប្រែសម្រួលដោយ៖ ពិសិទ្ធិ
ប្រភព៖ BBC