ស្ពានតាអោង គឺជាស្ពានបុរាណដ៏វែងបំផុតមួយក្នុងចំណោមស្ពានទាំង ១៤ ដែលស្ថិតនៅភូមិកំបោរអ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប តាមបណ្ដោយផ្លូវពីអង្គរ ទៅបាកាន ដែលជាផ្លូវបុរាណពីអង្គរទៅប្រាសាទព្រះខ័នកំពង់ស្វាយ។
តាអោង ឬអ្នកខ្លះហៅថា ស្ពានកំបោរអ ទៅតាមឈ្មោះភូមិនៅទីនោះ ត្រូវបានកសាងឡើងក្នុងចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ គ្រឹះ និងតួស្ពានធ្វើអំពីថ្មបាយក្រៀម លម្អដោយបង្កាន់ដៃរូបនាគក្បាល៩ និងព្រះពុទ្ធសមាធិ (ព្រះពុទ្ធប្រក់នាគ) យ៉ាងល្អឯក ធ្វើពីថ្មភក់ ស្ថិតក្នុងរចនាបថបាយ័ន។
មានបណ្ដោយប្រវែង ៧៧ម៉ែត្រ ទទឹង១៣ម៉ែត្រ និងកម្ពស់៦ម៉ែត្រ ស្ពានបុរាណនេះមានរន្ធត្រដេវចំនួន ១៥ ហើយរន្ធនីមួយៗមានប្រវែង២ម៉ែត្រ និងកម្ពស់ ៦ម៉ែត្រ បច្ចុប្បន្នមានអាយុកាលជិត១ពាន់ឆ្នាំហើយ៕
អត្ថបទ៖ Wow Cambodian