ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីរសៀល ថ្ងៃទី១៦ សីហា ខណ:ពួកគេកំពុងសម្ងំលាក់ខ្លួន នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ដែលស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
លោក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបាននិយាយថា កិច្ចប្រតិបត្តិការបង្ក្រាបហ្វូងចោរទាំង៣នាក់នោះក៏មានកិច្ចសហការពីកម្លាំងជំនាញនៃព្រហ្មទណ្ឌកម្រិតធ្ងន់ផងដែរ ។ ជនសង្ស័យទាំង០៣នាក់នោះមាន ១- ឈ្មោះ លី រ៉នី ភេទប្រុស អាយុ២៨ឆ្នាំ ជាមេខ្លោង តែស្នាក់នៅមិនពិតប្រាកដ ២- ឈ្មោះ សុវណ្ណតុលា ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិនរា២ ឃុំនរា ស្រុកសង្កែ និង៣- ឈ្មោះ វឿត សូរិយា ហៅតូយ៉ា ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ។
លោក ឈឿង គឹមសុង បានឱ្យដឹងថា ក្រុមជនដៃដល់ខាងលើបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ បេង ចាន់ទី ភេទស្រី អាយុ២០ឆ្នាំ នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ កាលពីថ្ងៃទី១៥ សីហានេះ ។ ប៉ុន្តែដោយឡែកក្រោយមកឈ្មោះ លី រ៉នី បានធ្វើសកម្មភាពកាត់សោរទ្វារផ្ទះចូលលួចគ្រែ នៅផ្ទះពលរដ្ឋឈ្មោះ ហែ រតនៈ ប្រុសអាយុ អាយុ៣០ឆ្នាំ នៅភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង តែជននេះធ្វើសកម្មភាពម្នាក់ឯងទេ ។
ពេលនេះមន្ត្រីករិិយាល័យជំនាញកំពុងសួរនាំក្រុមជនសង្ស័យទាំង៣នាក់នេះហើយ ។ ជាមួយនឹងការឃាត់ខ្លួនជាបន្តបន្ទាប់នាំទៅសួរនាំ ពួកគេបានសារភាពថា ពួកខ្លួនពិតជាបានលួចយកម៉ូតូ និងធ្វើសកម្មភាពលួចឈើគ្រែទាំងនោះមែន ។
ក្រុមនេះនិយាយថា ក្រោយធ្វើសកម្មភាពពួកគេបាននាំគ្នាទៅសម្ងំលាក់ខ្លួននៅក្នុងបន្ទប់ជួល តែត្រូវសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួនតែម្ដង ។ យ៉ាងណាក្ដី បើតាមលោកឈឿង គឹមសុង បានប្រាប់ថា បន្ទាប់ពីឃាត់ខ្លួនក្រុមជនសង្ស័យលោកបានស្នើសុំយោយល់តំណាងអយ្យការ ដើម្បីតាមដកហូតវត្ថុតាង ដែលក្រុមជនសង្ស័យលួចយកទៅ ។
ក្នុងនោះមានដូចជា ម៉ូតូម៉ាក ហុងដាស្កុបពី ពណ៌សស៊េរី ឆ្នាំ២០២០ មួយគ្រឿងពាក់ស្លាកលេខ បាត់ដំបង 1AH-7255, ឈើគ្រែចំនួន០២ និងតុឈើបេងចំនួន០១ ។ លោកបានបញ្ជាក់ថា ទាំងម៉ូតូ ទាំងឈើគ្រឿងសង្ហារឹមត្រូវបានកម្លាំងរបស់លោកប្រមូលដកហូតពីជនសង្ស័យបានមកវិញអស់ហើយ ។
បច្ចុប្បន្នមន្ត្រីការិយាល័យជំនាញកំពុងសួរនាំដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីហើយ ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព