រាជធានីភ្នំពេញ ៖ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអោយប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន និងកម្មករ-កម្មការិនីរោងចក្រ ឈប់សម្រាករយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែសីហា ដេីម្បីសងថ្ងៃឈប់សម្រាកចូលឆ្នាំប្រពៃណីខ្មែរកាលពីខែមេសាកន្លងទៅ នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ លោក ឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងនគរបាលរាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមដំណើរដោយលោកវសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានចុះត្រួតពិនិត្យកងកម្លាំងនៅតាមបណ្តាប៉ុស្តិ៍ទាំង០៧ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកងកម្លាំងអន្តរាគមន៍ខណ្ឌ ។
ក្នុងនោះផងដែរ លោកអធិការខណ្ឌ ម៉េង វិមានតារា បានដាក់បទបញ្ជាយ៉ាងតឹងរឹងដល់កងកម្លាំងទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រមូលកម្លាំងត្រៀមលក្ខណៈក្នុងការការពារបម្រើដល់ប្រជាពលរដ្ឋលើការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងបែងចែកវេនប្រចាំការ២៤ម៉ោង ឲ្យបានច្បាស់លាស់ សម្រាប់ឱកាសឈប់សម្រាករយៈពេល៥ថ្ងៃនេះ ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព