ស្ត្រីអាយុ ៣៧ ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ជួលរបស់នាងនៅទីក្រុង Pattaya កាលពីរសៀលម្សិលមិញ ដោយប៉ូលិសជឿជាក់ថាជនរងគ្រោះញ៉ាំស្រាច្រើនពេក។
ឧប្បត្តិហេតុនេះបានកើតឡើងនៅភូមិ Soi Nong Mai Kaen ១០ ក្នុងឃុំ Nongprue នៅថ្ងៃអាទិត្យ ទី ១៦ ខែសីហា។ ជនរងគ្រោះមានឈ្មោះថា Noree Yingchuchuen អាយុ ៣៧ឆ្នាំ ស្នាក់នៅក្នុងបន្ទប់តែម្នាក់ឯង។ ស្វាមីជនរងគ្រោះជាប់ធ្វើការនៅខេត្ត Rayong ហើយមិននៅកន្លែងកើតហេតុទេ។ ប៉ូលិសរកមិនឃើញសញ្ញាណាមួយបញ្ជាក់ពីអំពើហឹង្សាលើជនរងគ្រោះទេ ប៉ុន្តែនៅក្បែរខ្លួនជនរងគ្រោះ គេឃើញមានដបស្រាជាប្រភេទ Lao Kao ជាច្រើនកំប៉ុងដែលស្រានេះផ្ទុកជាតិអាល់កុលដល់ទៅ ៤០%។ យោងតាមអ្នកជិតខាងដែលមិនបញ្ចេញឈ្មោះនិងស្វាមី អាយុ ៣៥ឆ្នាំ គឺលោក Rangsan Talan បានឱ្យដឹងថា ជនរងគ្រោះបានញ៉ាំស្រាយ៉ាងច្រើននៅពេលយប់ មុនពេលឈ្លោះប្រកែកជាមួយអ្នកជិតខាង។ តាមការផ្តល់ចម្លើយរបស់អ្នកជិតខាង ជនរងគ្រោះជាមនុស្សញៀននឹងស្រា ហើយថ្ងៃកើតហេតុគាត់បានញ៉ាំស្រាហើយស្រវឹងជោកជាំ។ ជនរងគ្រោះត្រូវបានគេជឿថា បានស្លាប់នៅពេលយប់ដោយសារញ៉ាំស្រាច្រើនពេក។
សាកសពជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ដើម្បីធ្វើកោសល្យវិច័យកំណត់ពីមូលហេតុពិតប្រាកដនៃការស្លាប់៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news