គម្រោងកសាងប្រព័ន្ធប្រឡាយជើងក្អែប បានផ្តល់ការងារថ្មីសម្រាប់ពលករ ដែលវិលត្រឡប់ពីការធ្វើចំណាកស្រុក
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEFបានអនុវត្តគោលនយោបាយ ផ្តល់ការងារថ្មីសម្រាប់ពលករ ដែលវិលត្រឡប់ ពីការធ្វើចំណាកស្រុក ពីប្រទេសផ្សេងៗ ក្នុងអំឡុងពេលវិបត្តិកូវីដ១៩ តាមរយៈការកសាងប្រព័ន្ធប្រឡាយទឹកជើងក្អែប ស្ថិតក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តក្រសាំង ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ជាមួយគ្នាផងដែរ លោកលឹម គានហោ បានចាត់ទុកការសាងសង់ប្រព័ន្ធធារាសាស្រ្តនេះ គឺជាដំណោះស្រាយ ដើម្បីជួយដល់ប្រជាកសិករ កម្មករ និងពលករ ដែលវិលត្រលប់ទៅដល់ភូមិដ្ឋានវិញ ឲ្យមានការងារធ្វើ និងទទួលបានប្រាក់កម្រៃគ្រប់ៗគ្នា ពីការទទួលបាននូវការងារធ្វើ ពីការងារក្នុងកម្មវិធីជីកប្រព័ន្ធប្រឡាយជើងក្អែបនេះ។
ទន្ទឹមគ្នានេះ លោករដ្ឋមន្ត្រីបានដាក់បញ្ជាឱ្យអ្នកពាក់ព័ន្ធ ត្រូវអនុវត្តនូវកម្មវិធីជីកប្រព័ន្ធប្រឡាយជើងក្អែប ក្នុងការខ្ចប់ទឹកទុកប្រើសម្រាប់ ជាសុវត្ថិភាពទឹកប្រើលើគ្រប់វិស័យក្នុងខេត្តស្ទឹងត្រែង របស់ភូមិភាគឥសាន្តមួយនេះ។
បើតាមលោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការនៃ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM បានឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្រនេះ មិនត្រឹមតែជួយដល់ពលរដ្ឋចំណាកស្រុក ធ្វើការវិលត្រលប់ពីប្រទេសក្រៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏សម្រាប់ប្រជាពលរដ្ឋដែលត្រលប់មកពីគ្រប់ទិសទីទាំងអស់ នៃប្រទេសកម្ពុជា ដោយសារការបិទរោងចក្រ។
ចំពោះគោលនយោបាយផ្តល់ការងារជូនកសិករនេះ គឺមិនត្រឹមតែបង្កើតឡើងជាមួយនឹងប្រព័ន្ធធារាសាស្រ្តមួយមុខទេ ប៉ុន្តែក្រសួងបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូអភិវឌ្ឍន៍នានា ក្នុងពិភពលោកជាពិសេស ធនាគារពិភពលោក WB ដើម្បីធ្វើការអភិវឌ្ឍន៍ លើវិស័យទឹកលើតំបន់ក្បាលស្ទឹងជីនិត តំបន់ទន្លេសេកុង និងតំបន់5P៕ ដោយ៖ ឃួន លក្ខិណា