(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានជូនដំណឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានព្យាបាលជាសះស្បើយអ្នកឆ្លងជំងឺកូវីដ១៩ (Covid-19) លើបុរសជនជាតិខ្មែរ-បារាំង ក្រោយពីត្រឡប់មកពីប្រទេសបារាំង។ នេះបើតាមការជូនដំណឹងរបស់ក្រសូងសុខាភិបាល ថ្ងៃទីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។
បុរសជនជាតិខ្មែរ-បារាំង អាយុ ៣០ឆ្នាំ ធ្វើដំណើរមកពីប្រទេសបារាំង តាមជើងហោះហើរពីសាធារណៈរដ្ឋកូរ៉េ មកដល់កម្ពុជានៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅថ្ងៃនេះផងដែរ។
គិតត្រឹមម៉ោង ៧:០០ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមានអ្នកឆ្លងសរុប ១២៦នាក់ ក្នុងនោះមានស្ត្រី ៣៩នាក់ និងបុរស ៨៧នាក់ ព្រមទាំងបានព្យាបាលជាសះស្បើយចំនួន ១២៥នាក់ ស្មើនឹង ៩៩,២១% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩ ទាំងអស់។
ចំពោះអ្នកឆ្លងជំងឺកូវីដ១៩ បានថយចុះត្រឹមតែ ១នាក់ប៉ុណ្ណោះ ដែលជាបុរសជនជាតិខ្មែរ ក្រោយត្រឡប់មកពីប្រទេសហ្វីលីពីន និងកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕