កាលពីថ្ងៃចន្ទអតីតបវរកញ្ញាថៃអ្នកស្រី Panadda Wongphudee បានដាក់ពាក្យបណ្តឹងទៅប៉ូលិសដោយចោទប្រកាន់បុរសអាយុ ៤២ឆ្នាំម្នាក់ពីបទរំលោភបំពានផ្លូវភេទលើកូនស្រីជំទង់ខ្លួនឯងចំនួន ២នាក់។ លោកស្រី Panadda ក៏ជាស្ថាបនិកមូលនិធិ Goodness ម្នាក់បានដាក់ការចោទពាក្យបណ្តឹងទៅលោកវរសេនីយ៍ទោ Suthin Poompuang ជាអ្នកស៊ើបអង្កេតប្រចាំប៉ុស្តិប៉ូលិស Samrong Nua ។
លោកស្រីត្រូវបានអមដំណើរដោយបងប្អូនស្រីពីរនាក់មានអាយុ ១៤ និង ១៥ឆ្នាំដែលជាសិស្សនៅកម្រិតមធ្យមសិក្សាទុតិយភូមិនៃសាលាមួយក្នុងស្រុកមឿងខេត្ត Samut Prakan ។ក្មេងស្រីទាំងពីរនាក់រស់នៅជាមួយឪពុកក្នុងឃុំ tambon Samrong Nua នៃស្រុកមឿង។ ពួកគេទាំងពីរត្រូវឪពុកចាប់រំលោភហើយគម្រាមថានឹងធ្វើបាបប្រសិនបើឱ្យនរណាម្នាក់ដឹងរឿងនេះ។ លោកស្រី Panadda បានដឹងដំណឹងនេះតាមរយៈការប្តឹងមកពីសំណាក់ប្រជាជននៅតំបន់នោះកាលពីថ្ងៃទី៧ ខែមិថុនា។ លោកស្រីបានទាក់ទងទៅមន្ត្រីសន្តិសុខប្រចាំតំបន់ដែលជនរងគ្រោះរស់នៅ ធ្វើយ៉ាងណាឱ្យយកក្មេងស្រីទាំងពីរចេញពីផ្ទះកើតហេតុទៅកាន់កន្លែងមានសុវត្ថិភាពឱ្យបាន។ លើសពីនេះលោកស្រីបានស្នើសុំឱ្យប៉ូលិសចាប់ខ្លួននិងចាត់វិធានការតាមផ្លូវច្បាប់ចំពោះឪពុកចិត្តខ្មៅរូបនេះ។
រូបតំណាង
តាមប្រភពជនរងគ្រោះបានឱ្យដឹងថា ឪពុកម្នាក់នេះជាសន្តិសុខនៃសាលាអន្តរជាតិមួយ ហើយគាត់បានលែងលះជាមួយម្តាយជនរងគ្រោះហើយ។ ក្រោយលែងលះ កូនទាំងពីរត្រូវមករស់នៅខាងឪពុក។ នៅពេលពួកគេមានអាយុ ១២ឆ្នាំ ឪពុករូបនេះចាប់ផ្តើមបៀតបៀនផ្លូវភេទ បូករួមទាំងការប្រើអំពើហឹង្សាទៅលើពួកគេទៀតផង។ កាលពីពេលថ្មីៗនេះក្មេងស្រីទាំងពីរបានដាច់ចិត្តស្វែងរកជំនួយពីអ្នកជិតខាងឱ្យជួយ។ ប៉ូលិសបានទទួលយកពាក្យបណ្តឹងសម្រាប់ការស៊ើបអង្កេតបន្ថែម។ បងប្អូនស្រីទាំងពីរត្រូវបានក្រុមគ្រូពេទ្យពិនិត្យរាងកាយ ហើយមន្រ្តីសុខុមាលភាពសង្គមកំពុងកសាងសំណុំរឿងក្នុងការចាប់ខ្លួនឪពុក។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ bangkok post