ក្លិប AS Roma បើកផ្លូវឱ្យខ្សែបម្រើ Cengiz Under ចាកចេញនៅរដូវក្តៅនេះ ជាមួយតម្លៃខ្លួនផ្ទេរចំនួន៣០ លានផោន។
យោងតាមគេហទំព័រ Calciomercato បានឱ្យដឹងថា ខ្សែបម្រើ Under ជាគោលដៅផ្ទេរពីបណ្តាក្លិបធំៗនៅតំបន់អឺរ៉ុបជាច្រើន ដោយរួមមានដូចជា Juventus និង Bayern Munich ជាដើម ដែលសុទ្ធតែជាក្លិបដែលហ៊ានចំណាយប្រាក់ខ្ទង់ខាងលើ ដើម្បីចុះហត្ថលេខាពីក្លិប Roma នៅទីផ្សាររដូវក្តៅបើកទ្វារនាពេលខាងមុខ។
Under ជាកីឡាករដែលត្រូវបានអ្នកវិភាគកីឡាជាច្រើនគិតថា នឹងមិនអាចរួមរស់នៅជាមួយក្លិប Roma រយៈពេលវែងនោះទេ ដោយសារតែទេពកោសល្យបាល់ទាត់របស់គេ បានធ្វើឱ្យក្លិបដទៃមានការជ្រួលជ្រើមចង់បានរូបគេយ៉ាងខ្លាំង ជាពិសេសគឺក្លិប Juventus និង Bayern តែម្តង។ ក្នុងរដូវកាលនេះ រូបគេបានក្លាយជាផ្នែកមួយដែលជួយឱ្យក្លិបឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ក្នុងពានរង្វាន់ Europa League។
គួរឱ្យដឹងដែរថា ខ្សែបម្រើសញ្ជាតិទួរគីរូបនេះ ត្រូវបាន Roma ទិញមកពីក្លិប Istanbul Basaksehir កាលពីឆ្នាំ២០១៧ ក្នុងតម្លៃខ្លួនផ្ទេរចំនួន ១៣លានអឺរ៉ូ។ ដូច្នេះ ប្រសិនបើពួកគេលក់ខ្សែបម្រើរូបនេះក្នុងតម្លៃខ្ទង់៣០លានផោន នោះក្លិបនឹងទទួលបានប្រាក់ចំណេញច្រើន៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia