ក្រសួងសុខាភិបាល បានធ្វើការរម្លឹកដល់សាធារណៈជន ឱ្យប្រុងប្រយ័ត្នចំពោះករណីឆ្លង ចូលក្នុងសហគមន៍ ក្នុងដំណើរកម្សាន្តក្នុង រយៈពេល៥ថ្ងៃនេះ។
យោងតាមអនុក្រឹត្យលេខ ១០១ អនក្រ.បក ចុះថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២០ ស្តីពីការអនុញ្ញាតឱ្យមន្ត្រីរាជការ និយោជិត កម្មករ ឈប់សម្រាកការងារនៅថ្ងៃទី១៧ ទី១៨ ទី១៩ ទី២០ និង២១ ខែសីហា ឆ្នាំ២០២០ ដែលជាការសម្រេចរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការអនុញ្ញាតឱ្យមានការឈប់សម្រាក ដើម្បីសងថ្ងៃឈប់សម្រាកពីការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ដែលត្រូវបានលើកថ្ងៃឈប់សម្រាក ការងាររបស់មន្ត្រីរាជការ និយោជិតកម្មករ នៅថ្ងៃទី១៣ ទី១៤ ទី១៥ ទី១៦ ខែមេសា ឆ្នាំ២០២០ កន្លងទៅ ដោយសរបញ្ហាកូវីដ១៩។
ការឈប់សម្រាក ក្នុងរយៈពេលយូរ នាសប្តាហ៍ខាងមុខនេះ នឹងអាចមានការធ្វើដំណើរទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត ឬក៏អាចមានការដើរកម្សាន្តផងដែរ។ ដូច្នេះក្រសួងសូមធ្វើការណែនាំក្រើនរម្លឹកសារជាថ្មីម្តងទៀត ដល់សាធារណៈជន ត្រូវបន្តអនុវត្តការពារការចម្លងវីរុសកូវីដ១៩ ឱ្យបានខ្ជាប់ខ្ជួននូវវិធានការមានដូចជា៖ ទី១ យកចិត្តទុកដាក់សម្រាប់ការប្រើប្រាស់មធ្យោបាយដំណើរ ទី២ បុគ្គលម្នាក់ៗ ត្រូវរក្សាអនាម័យជានិច្ច និងការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន ទី៣ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលជាដើម៕ ដោយ៖ ឃួន លក្ខិណា