មនុស្សឆ្លាតប៉ុណ្ណាក៏ដោយ ប៉ុន្តែមិនបានន័យថាឆ្លាតគ្រប់ពេលនោះទេ ។ ដូចពាក្យចាស់លោកពោលថា « ដំរីជើងបួន គង់មានភ្លាត់ អ្នកប្រាជ្ញាចេះស្ទាត់គង់មានភ្លេច » ដូច្នេះ កុំព្យាយាមលើកតម្កើងខ្លួនខ្ពស់ហួសសមត្ថភាពខ្លាំងពេក ក្រែងលទៅមិនដល់ ត្រូវអាម៉ាសមុខឥតវាចាក៏ថាបាន ។
ធ្វើមនុស្ស ត្រូវចេះដាក់ខ្លួន ត្រូវចេះថ្លឹងថ្លែង ហើយវាប្រសើរបំផុត បើអ្នកមិនសូវនិយាយសរសើរពីខ្លួនឯងអោយអ្នកដទៃស្តាប់ ។ អ្នកត្រូវរៀនបង្ហាញពីសមត្ថភាពរបស់អ្នកអោយបានច្រើន ដោយវិធីណាដែលមិនធ្វើអោយប៉ះពាល់ដល់អ្នកដទៃ ឬបំផ្លាញដល់អ្នកដទៃ ។
មនុស្សម្នាក់ៗ មិនគ្រប់ដប់នោះទេ ដូចនេះកុំចង់ធ្វើជាមនុស្សល្អឥតខ្ចោះដោយផ្តាច់ខ្លួនពីសង្គមមនុស្សដ៏ស្រស់ស្អាតមួយនេះ ។
ត្រូវចេះរៀនចែករំលែក រៀនជួយអ្នកដទៃអោយបានល្អដូចខ្លួន ហើយបើសិនជាអ្នកមានចំណុចខ្វះខាត ត្រូវទទួលស្គាល់ការពិត ហើយរៀនបំពេញវាដោយការគិតវិជ្ជមាន ៕