មនុស្សយន្ត(រ៉ូបូត)ផលិតនៅប្រទេសរុស្ស៊ី ត្រូវបានអនុញ្ញាតឲ្យចូលបម្រើការងារនៅក្នុងជួរកងកម្លាំងប៉ូលិស នៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម ។ ការងាររបស់រ៉ូបូតនេះ គឺធ្វើសកម្មភាពល្បាត ការថតវីដេអូសម្ងាត់ទៅលើបុគ្គលិក និងអ្នកដំណើរ រួមទាំងពិនិត្យមើលសីតុណ្ហភាពរបស់មនុស្សជាដើម ។
នេះបើតាមការបញ្ជាក់ប្រាប់របស់ក្រុមហ៊ុន Promobot ដែលជាក្រុមហ៊ុនផលិតមនុស្សយន្ត សម្រាប់សេវាកម្មអតិថិជន មូលដ្ឋាននៅទីក្រុង Perm ប្រទេសរុស្ស៊ី ហើយត្រូវបានប្រភព Sputnik ចុះផ្សាយកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ។
លោក Oleg Kivokurtsev ស្ថាបនិក និងជាប្រធានផ្នែកអភិវឌ្ឍន៍ បានបញ្ជាក់ថា «នេះមិនមែនជាបទពិសោធន៍នៃការអភិវឌ្ឍផលិតផលនោះទេសម្រាប់ពួកយើង ៖ មនុស្សយន្តរបស់យើង កំពុងធ្វើការនៅក្នុងជួរប៉ូលិសកាហ្សាក់ស្ថាន, ធ្វើការនៅមជ្ឈមណ្ឌលពហុមុខងារនៅតាមរដ្ឋ និងនៅតាមទីក្រុងនានារបស់ប្រទេសរុស្ស៊ី, ធ្វើការនៅការិយាល័យប្រតិបត្តិករចល័តក្នុងប្រទេសតួកគី និងធ្វើការនៅធនាគារជាតិប្រទេសអូម៉ង់ (ប្រទេសតំបន់មជ្ឈិមបូព៌ា)ជាដើម ។ នៅក្នុងការងារទាំងនោះ មនុស្សយន្តរបស់យើង មិនធ្វើនូវកំហុសឆ្គងដូចមនុស្សឡើយ ៖ ពួកវាមិនចេះធុញទ្រាន់នឹងការងារ មិនចេះធុញទ្រាន់នឹងភ្ញៀវទេសចរ មិនដែលយឺតយ៉ាវក្នុងពេលបំពេញការងារ ហើយសំខាន់បំផុត គឺវាមិនដែលធ្វើឱ្យមានកំហុសនោះទេ” ។
មនុស្សយន្តនេះនិយាយបានភាសាអង់គ្លេស និងអារ៉ាប់ ។ រ៉ូបូតទាំងអស់នោះមានមូលដ្ឋានទិន្នន័យភាសាដែលមានសំណួរ និងចម្លើយរាប់ពាន់ ក៏ដូចជាប្រព័ន្ធស្គាល់មុខមាត់ផងដែរ ។ ជាពិសេស រ៉ូបូតនេះ “ដឹង” និងស្គាល់ថា នរណាជាបុគ្គលិក, ជាប៉ូលិស, ជាភ្ញៀវទេសចរ ឬជាឧក្រិដ្ឋជនថែមទៀតផង ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Promobot បង្កើតឡើងក្នុងឆ្នាំ ២០១៥ ហើយបានក្លាយជាក្រុមហ៊ុនផលិតមនុស្សយន្តផ្តល់សេវាកម្មស្វយ័តធំជាងគេ មានសមត្ថភាព និងបំពេញបានគ្រប់ភារកិច្ចផ្សេងៗ បម្រើដល់មនុស្សនៅក្នុងប្រទេសរុស្ស៊ី ក៏ដូចជានៅអឺរ៉ុបខាងជើង និងអឺរ៉ុបខាងកើត៕ ប្រែសម្រួលដោយ៖ thach yat