កុំសូវគិតងាយលើស្នាមញញឹមមនុស្សស្រីដែលរឹងមាំពេក ស្នាមញញឹមទាំងនោះមិនសុទ្ធតែមិនបង្ហាញពីការពិតទាំងអស់ទេ។ ស្នាមញញឹមទាំងនោះប្រហែលជាកំពុងបិតបាំងនៃភាពឈឺចាប់ ទុក្ខព្រួយ ភាពសោកសៅ និងបញ្ហាជីវិតដ៏ស្មុគស្មាញរបស់នាងក៏ថាបាន។
មនុស្សស្រីពូកែទ្រាំ ពូកែលាក់អារម្មណ៍ ពូកែធ្វើរឹងមាំ ទាំងដែលខ្លួនស្ថិតនៅក្នុងស្ថានការណ៍តោកយ៉ាកទៅហើយ។ មនុស្សប្រុសប្រហែលនឹងពិបាកឈ្វេងយល់ថាតើការពិតក្នុងចិត្តនាងនោះយ៉ាងណាខ្លាំងណាស់!
មនុស្សស្រីដែលរឹងមាំមិនងាយនឹងបង្ហាញអារម្មណ៍ផ្ទាល់ខ្លួននាងឱ្យអ្នកឃើញទេ ហើយនាងក៏មិនព្រមអន់នៅចំពោះមុខអ្នកណាម្នាក់ដោយស្រួលៗឡើយ បើមាន…ក៏ជាករណីដែលកម្របំផុតក្នុងជីវិតខ្លួនដែរ។
មនុស្សស្រីប្រភេទនេះប្រហែលជាលំបាកបំផុតសម្រាប់អ្នកទៅស្វែងយល់ ប៉ុន្តែបើអ្នកសិក្សាពីជម្រៅចិត្តនាងឱ្យច្បាស់ អ្នកនឹងដឹងថាមិនថានាងរឹងមាំដល់កម្រិតណានោះទេ ក៏នាងនៅតែជាមនុស្សស្រីម្នាក់ដែរ។ បើនៅក្នុងមនោសញ្ចេតនាវិញ នាងក៏មិនខុសពីមនុស្សស្រីទូទៅដែរ នាងក៏ចេះខឹង ចេះអន់ចិត្ត ប៉ុន្តែនាងឆ្លាតក្នុងការដោះស្រាយបញ្ហាផ្ទាល់ខ្លួនគ្រប់ពេល។ នាងសុខចិត្តបៀមលាក់អារម្មណ៍យ៉ាប់យឺនតែម្នាក់ឯងជាជាងទៅអំពុលទូកដល់មនុស្សដែលខ្លួនស្រលាញ់។
ជឿទេ? បើខ្ញុំប្រាប់ថាមនុស្សស្រីដែលរឹងមាំសុទ្ធតែជាមនុស្សដែលមានស្នេហ៍ស្មោះងប់ងល់បំផុត?
ខ្ញុំក៏មិនប្រាកដចិត្តពីវិធីក្នុងការបង្ហាញការស្រលាញ់របស់មនុស្សស្រីទាំងអស់ដែរ តែអ្វីដែរលខ្ញុំប្រាកដជាក់ច្បាស់ត្រង់ថា ជម្រៅចិត្តមនុស្សស្រីរឹងមាំ មិនមែនមិនចេះស្រលាញ់ដៃគូខ្លួននោះទេ គ្រាន់តែនាងពិបាកក្នុងការបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនច្រើនជាង ក៏ព្រោះតែនាងខ្លាចអន់ ខ្លាចគែថាល្ងង់ ប្រហែលមកពីឆ្លាតពេក គិតគូរច្បាស់លាស់ពេកក៏ថាបាន។ គិតល្អិតល្អន់ពេកទើបជាហេតុដែលមិនចង់បង្ហាញអារម្មណ៍ផ្តេសផ្តាសតាមអំពើចិត្តខ្លួននោះ ព្រោះហេតុផល មិនចង់អោយដៃគូយល់ថាយើងមិនអាចរស់ខ្វះគេបាន (ខ្លាចគេបានចិត្ត)៕