កាលពីថ្ងៃអង្គាររដ្ឋាភិបាលថៃបានរាយការណ៍ថា មានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ២នាក់បន្ថែមទៀត និងមិនមានអ្នកស្លាប់ថ្មីទេ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃកើនឡើងដល់ ៣១២១នាក់ និងមានអ្នកស្លាប់សរុបចំនួន ៥៨នាក់។
អ្នកជំងឺថ្មីទាំងពីរនាក់ត្រូវបានគេដាក់ឱ្យនៅមណ្ឌលដាច់ដោយឡែកបន្ទាប់ពីបានត្រឡប់មកពីបរទេសវិញកាលពីពេលថ្មីៗនេះ។ ប្រទេសថៃបានរាយការណ៍ថាមិនមានអ្នកឆ្លងជំងឺក្នុងស្រុកអស់រយៈពេល ១៥ថ្ងៃជាប់ៗគ្នាមកហើយ។ វេជ្ជបណ្ឌិត Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពមេរោគកូវីដ-១៩បានមានប្រសាសន៍ថា អ្នកឆ្លងថ្មីទីមួយគឺជានិស្សិតប្រុសអាយុ ២២ឆ្នាំបានវិលត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី២៥ ខែឧសភា។ លទ្ធផលវិជ្ជមានរបស់គាត់បានបង្ហាញនៅពេលធ្វើតេស្តលើកទី២ កាលពីថ្ងៃអាទិត្យ ។ ករណីថ្មីមួយទៀតគឺជាស្ត្រីអាយុ ៣១ឆ្នាំបានវិលត្រឡប់មកពីប្រទេសហូឡង់កាលពីថ្ងៃពុធសប្តាហ៍មុន ហើយគាត់ត្រូវបានបញ្ចូនទៅសណ្ឋាគារមួយនៅទីក្រុងបាងកក។
រូបតំណាង
វេជ្ជបណ្ឌិត Panprapa បានមានប្រសាសន៍ថា ប្រទេសថៃបច្ចុប្បន្ននេះបានរួចផុតពីការឆ្លងមេរោគកូវីដ-១៩ ក្នុងតំបន់អស់រយៈពេល ១៥ថ្ងៃជាប់គ្នាហើយ ប៉ុន្តែត្រូវការរយៈពេលដល់ទៅ ២៨ថ្ងៃជាប់ៗគ្នាដើម្បីបញ្ជាក់ថាវាជាហានិភ័យទាប។ អ្នកនាំពាក្យរូបនេះបានក្រើនរំឮកដល់ប្រជាជនឱ្យបន្តពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតរវាងគ្នានិងគ្នាបន្ថែមទៀត ព្រោះថាអ្នកដែលឆ្លងមេរោគភាគច្រើនគឺមិនបានគោរពគោលការណ៍អនាម័យ ។ វេជ្ជបណ្ឌិត Panprapa បានបន្ថែមថា ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះគេរកឃើញថា ក្រុមដែលឆ្លងជំងឺច្រើនជាងគេគឺនិស្សិត បន្ទាប់មកទៀតគឺអ្នកម៉ាស្សា និងកម្មកររោងចក្រ។ បច្ចុប្បន្នមានអ្នកជំងឺចំនួន ៩០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post