ក្លិប Birmingham City បានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះថា លោក Pep Clotet នឹងចាកចេញពីតំណែងជាគ្រូបង្វឹក ក្រោយបញ្ចប់រដូវកាលនេះ។
លោក Clotet ត្រូវបានក្លិប Birmingham តែងតាំងធ្វើជាគ្រូបង្វឹកបណ្តោះអាសន្នកាលពីខែមិថុនា ឆ្នាំ២០១៩ ហើយលោកក៏ធ្លាប់បម្រើការជាជំនួយការគ្រូបង្វឹកចាស់លោក Garry Monk ផងដែរ។
ពាក់ព័ន្ធនឹងសេចក្តីប្រកាសខាងលើ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ ៤៧ឆ្នាំរូបនេះ បាននិយាយថា៖ “វាពិតជាការសម្រេចចិត្តដ៏លំបាកមួយក្នុងការចាកចេញមួយនេះ។ ប៉ុន្តែការចាកចេញជារឿងដែលល្អបំផុត ព្រោះខ្ញុំចង់ឃើញក្លិបបង្កើតយុទ្ធសាស្ត្រថ្មីក្នុងក្រុមជាមួយអ្នកដែលសក្តិសមនឹងតួនាទីនេះ”។
លោកបានបន្តទៀតថា៖ “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្លិប ក្រុមប្រឹក្សាភិបាល និងអ្នកគាំទ្រដែលបានផ្តល់ឱកាសក្នុងការដឹកនាំក្រុមកន្លងមក ប៉ុន្តែឥឡូវនេះខ្ញុំនៅមានតួនាទីបន្តវាឱ្យចប់រដូវកាលនេះ”។
យ៉ាងណាមិញ នាយកប្រតិបត្តិក្លិប Birmingham លោក Dong Ren ក៏បានមានប្រសាសន៍ផងដែរថា៖ “វាជាការសម្រេចចិត្តមួយដែលពោរពេញទៅដោយភាពសោកសៅ សម្រាប់យើងទាំងពីរ។ យើងឱ្យតម្លៃ Pep ខ្លាំងណាស់ ហើយយើងដឹងថាគាត់ស្រឡាញ់ក្លិបនេះខ្លាំងប៉ុណ្ណា”៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore