សារព័ត៌មានរ៉យទ័រនៅថ្ងៃទី៩ ខែមិថុនាបានផ្សាយថា ប្រធានអង្គការសុខភាពពិភពលោក WHO លោក Tedros Adan Gebreyesus បានប្រកាសថា កូវីដ១៩ កាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានចំនួនអ្នកឆ្លងកើនឡើងខ្ពស់ដដែល។
អគ្គនាយកអង្គការសុខភាព ពិភពលោក បានគត់សម្គល់ឃើញថា នៅតំបន់អឺរ៉ុប និងប្រទេសមួយចំនួន មានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃដោយមានអ្នកឆ្លងថយចុះជាបន្តបន្ទាប់ ប៉ុន្តែនៅទូទាំងពិភពលោក ការឆ្លងរាលដាល កូវីដ១៩កាន់តែអាក្រក់ទៅៗ។ ជាមួយគ្នានេះលោក Tedros Adan Gebreyesus បានអំពាវនាវដល់បណ្តាប្រទេសមានការប្រុងប្រយ័ត្នខ្ពស់ បញ្ចៀសការឆ្លងកូវីដ១៩ ជាលើកទីពីរ។
តាមគេហទំព័រ Worldometer បានផ្សាយថា គិតមកទល់ពេលនេះមានមនុស្សជាង៧,២លាននាក់ ឆ្លងកូវីដ១៩ និងស្លាប់ជាង៤សែននាក់។ ជាមួយគ្នានេះក៏មានអ្នកព្យាបាលជាសះស្បើយជាង៣,៥លាននាក់ផងដែរ។
ប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺអាមរិក មានអ្នកឆ្លងកើនឡើងជាង២លាននាក់ហើយ និងស្លាប់ ជាង១១៣ពាន់នាក់។ ប្រទេសឈរលំដាប់ទីពីរ គឺប្រេស៊ីល មានអ្នកឆ្លងកើនឡើង ដល់ទៅ៧១០ពាន់នាក់ និងស្លាប់ ៣៧ ពាន់នាក់៕ ប្រែសម្រួលដោយ៖ MEO