ក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងបញ្ចប់នូវគម្រោងកម្មវិធីអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីឈានទៅរកការផ្តល់លិខិតអនុញ្ញាត ឱ្យនាវាអាចចូលចតតាមកំពង់ផែ នៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ ក្រសួងកំពុងស្នើសុំគោលការ ពីថ្នាក់ដឹកនាំ ដើម្បីដាក់ឱ្យដំណើរការនូវកម្មវិធីនេះ ក្នុងពេលឆាប់ៗ ខាងមុខ។
ការបញ្ចប់នូវកម្មវិធីអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិកម្ម ក៏ជាការរួមចំណែកមួយ ដើម្បីជួយធានានូវតម្លាភាព ប្រសិទ្ធភាព ចំណេញពេលវេលា និងភាពជឿជាក់ ដល់វិនិយោគិន ព្រមទាំងកាត់បន្ថយនីតិវិធីស្មុគស្មាញ ដែលធ្វើឱ្យយឺតយ៉ាវ ក្នុងការចូលចតនាវាក៏ដូចជា ឆ្លើយតបនឹងស្ថានការណ៍ នៃការរីករាលដាលនៃជងឺ COVID-19។
បើតាមលោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានសង្កត់ធ្ងន់ថា ក្នុងយុគសម័យឧស្សាហកម្មជំនាន់៤.០ នេះ បច្ចេកវិទ្យាព័ត៌មានវិទ្យាដើរតួយ៉ាងសំខាន់ ក្នុងការធ្វើទំនើបកម្ម តាមរយៈការផ្ដល់សេវាសាធារណៈ និងការកសាងទីក្រុងឆ្លាតវៃ (Smart City)។ ការលើកកម្ពស់និងប្ដូរទម្រង់ក្នុងការបំពេញការងារ ព្រមទាំងការលើកកម្ពស់វប្បធម៌ អរិយធម៌របស់ជាតិសាសន៍យើងផងដែរ។
លោកបន្តថា ការរៀបចំប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ធ្វើការដាក់ពាក្យ និងទូទាត់ប្រាក់នេះ ក៏ជាការចូលរួមដើម្បីឆ្លើយតប ទៅនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺCOVID-19 ផងដែរ។
សូមបញ្ជាក់ថា ប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ គឺការចេញវិញ្ញាបនបត្រ អនុញ្ញាតឱ្យនាវាចូលចតកំពង់ផែន នៃព្រះរាជាណាចក្រកម្ពុជា គឺជាយន្តការផ្តល់សេវាបណ្តោះអាសន្នមួយ ដើម្បីសម្រួលនីតិវិធី ខណៈដែលគម្រោង PORT EDI របស់ជប៉ុន កំពុងត្រូវបានបន្តនីតិវិធីរៀបចំ រហូតដល់ដើមឆ្នាំ២០២៣ ទើបរួលរាល់សម្រាប់ ដាក់ឱ្យដំណើរការប្រើប្រាស់៕ដោយ៖ ឃួន លក្ខិណា