វេជ្ជបណ្ឌិតបានវះកាត់ដកយកឆ្នាំងសាកថ្មទូរស័ព្ទចល័តដែលមានជើងពីរ ចេញពីខាងក្នុងប្លោកនោមរបស់បុរសជនជាតិឥណ្ឌាម្នាក់។ អ្នកជំងឺមានអាយុ៣០ឆ្នាំ បានទៅជួបគ្រូពេទ្យ បន្ទាប់ពីត្អូញត្អែរឈឺពោះ កាលពីសប្តាហ៍មុន ។
គេមិនទាន់ច្បាស់ទេថា តើមូលហេតុអ្វីបាននាំឲ្យឆ្នាំងសាកទូរស័ព្ទចូលទៅខាងក្នុងប្លោកនោមរបស់បុរសនោះឡើយ ។ គ្រូពេទ្យជឿថា វាត្រូវបានបុរសនោះលេប ឬបញ្ចូលទៅតាមរយៈ “ការបំពេញចំណង់ផ្លូវភេទ” ក៏មិនដឹង ។
រូបថតកាំរស្មីអ៊ិច បានបង្ហាញឲ្យឃើញថា ឆ្នាំងសាកថ្មទូរស័ព្ទចល័តបាននិងកំពុងស្ថិតនៅក្នុងប្លោកនោមរបស់បុរសរូបនោះ។
បុរសរូបនោះត្រូវក្រុមគ្រូពេទ្យប្រើថ្នាំបញ្ចុះលាមក រយៈពេល២ថ្ងៃ ក្នុងគោលបំណងជួយកាត់បន្ថយការឈឺក្រពះ មុនពេលវះកាត់ចូលទៅក្នុងក្រពះ ពោះវៀន របស់គាត់ ។
បន្ទាប់មក គ្រូពេទ្យបានរកឃើញមុខកាត់៦១សង់ទីម៉ែត្រ ហើយសម្រេចចិត្តវះកាត់ ដើម្បីយកឆ្នាំងសាកថ្មទូរស័ព្ទនោះ ចេញពីប្លោកនោមរបស់បុរសរូបនោះ។
គ្រូពេទ្យ៥នាក់បានប្រតិបត្តិការវះកាត់ រយៈពេល៤៥នាទី នៅមន្ទីរពេទ្យ Guwahati នាភាគខាងជើង ប្រទេសឥណ្ឌា កាលពីថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២០ ។
វេជ្ជបណ្ឌិតម្នាក់ បានថ្លែងថា គាត់មិនធ្លាប់ជួបប្រទះនូវរឿងរ៉ាវបែបនេះទេពីមុនមក នៅក្នុងអាជីព រយៈពេល២៥ឆ្នាំកន្លងមកនេះ។
អ្នកជំងឺប្រហែលជាមិនស្រួលចិត្តនោះទេ នៅពេលប្រាប់យើង(គ្រូពេទ្យ)ពីការពិត ដែលនាំឱ្យយើងស្វែងរកវត្ថុនោះ នៅក្នុងក្រពះ ពោះវៀន ។
ទោះបីខ្ញុំមិនច្បាស់អំពីសុខភាពផ្លូវចិត្តរបស់បុរសអ្នកជំងឺក៏ដោយ ក៏មនុស្សមួយចំនួនចូលចិត្តធ្វើអ្វីៗ ដើម្បីការរីករាយខាងផ្លូវភេទរបស់ពួកគេ ប៉ុន្តែចំពោះបុរសម្នាក់នេះ ជ្រើសរើសវិធីបែបនេះ គឺឆ្ងាយប្លែកជាងគេបន្តិចហើយ ។ បុរសអ្នកជំងឺអ៊ិស្លាមរូបនោះ បានចំណាយពេលបីថ្ងៃ សម្រាកព្យាបាល នៅមន្ទីរពេទ្យ មុនពេលអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះសម្បែងវិញ ៕ ប្រែសម្រួលដោយ៖ thach yat