ក្រសួងអប់រំយុវជននិងកីឡា បានពន្យារពេល ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ដែលគ្រោងនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលគ្រោងនឹងចាប់ដំណើរការ ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។
យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០១៩-២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តអនុវត្តកំណែទម្រង់ការប្រឡងគ្រប់ប្រភេទ ស្របតាមគោលការច្បាប់យុត្តិធ៌ម តម្លាភាព និងលទ្ធផលទទួលយកបាន។
ក្នុងស្មារតីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងនឹងធ្វើការកំណត់កាលបរិច្ឆេទ នៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិនៅពេលក្រោយ។
ជាមួយគ្នានេះ ក្រសួងអប់រំ បានជំរុញឱ្យសិស្សានុសិស្ស ត្រូវទទួលពាក្យសុំចុះឈ្មោះប្រឡង និងការផ្តល់សំណុំលិខិត ចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់បេក្ខជនគ្រប់ប្រភេទ ទាំង(Hard & Soft Copy) ត្រូវបញ្ជូនមកក្រសួង(នាយកដ្ឋានកិច្ចការប្រឡង) តាមកាលកំណត់ ដើម្បីរៀបចំការប្រឡងនៅពេលក្រោយ។
ក្រសួងអប់រំ នៅតែបន្តជំរុញឱ្យសិស្សានុសិស្សទំាងអស់ ត្រូវធ្វើស្វ័យសិក្សានៅតាមផ្ទះ ដោយប្រើប្រាស់សៀវភៅសិក្សាគោល និងតាមរយៈប្រព័ន្ធអេឡិចត្រូនិក ដែលមាននៅក្នុងគេហទំព័រផ្លូវការរបស់ក្រសួង៕ ដោយ៖ ឃួន លក្ខិណា