ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២០នេះ អ្នកជំងឺកូវីដ១៩ថ្មី មិនត្រូវបានរកឃើញទេ រីឯសំណាកថ្មីក៏មិនមានការពិន្យដែរ។ នេះបើតាមហ្វេសប៊ុក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC។
អ្នកជំងឺកូវីដ១៩ សរុបទាំងអស់ ១២៦នាក់ដដែល អ្នកសម្រាកនៅពេទ្យសល់២នាក់ ចំនួនអ្នកជាសះស្បើយសរុប ១២៤នាក់ និងគ្មានអ្នកស្លាប់ឡើយ។
CDC តែងក្រើនរម្លឹកជារៀងរាលថ្ងៃ ថាជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នឲ្យបានខ្លាំង ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ថ្មីៗនេះក៏បានធ្វើការអំពាវនាវ ក្រើនរំលឹក និងណែនាំដល់បងប្អូនសាធារណៈជនទាំងអស់ ត្រូវតែនាំគ្នាបន្តកិច្ចការពារសុខភាពរបស់ខ្លួន ដោយបុគ្គលគ្រប់រូប ត្រូវអនុវត្តវិធានការសាមញ្ញៗ មានដូចជាការរក្សាអនាម័យដៃស្អាតជាប់ជានិច្ច ប្រើម៉ាស់ ឬក្រមា ឬក្រដាសជូតមាត់ ក្នុងករណីចាំបាច់ ដើម្បីខ្ទប់មាត់ និងច្រមុះ ពេលក្អកកណ្តាស់ និង រក្សាគម្លាតសុវត្ថិភាពសង្គម និង គម្លាតសុវត្ថិភាពបុគ្គលជាចាំបាច់ ទោះជាទៅទីណាក៏ដោយ៕ ដោយ៖ ប៊ុនធឿន